ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីបញ្ជាក់ថា គ្មានការកែច្បាប់ ឱ្យជនបរទេស អាចទិញអចលនទ្រព្យ ធ្វើជាកម្មសិទ្ធិនោះទេ

ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភាន់ច្រឡំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថាគ្មានការកែច្បាប់ណាមួយដើម្បីឲ្យជនបរទេសអាចទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ទោះបីជាមានការពិភាក្សាស្នើសុំមកសម្តេចក្តី។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ”នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«នៅក្នុងវិស័យអចលនទ្រព្យខ្ញុំសូមបញ្ជាក់ចំណុចមួយកន្លងទៅមានការលើកយកនូវបញ្ហាដែលថារដ្ឋាភិបាលផ្តើមកែច្បាប់ដើម្បីលក់ដីជូនជនបរទេស គោលគំនិតមានការស្នើសុំពិតមែន«…» ការស្នើសុំនេះមិនមែនដើម្បីមាន គំនិតក្បត់ជាតិលក់ដីឲ្យបរទេសនោះទេ គឺមិនមែនទេគឺដើម្បីជួយសម្រួលឲ្យសេដ្ឋកិច្ចផ្នែកអចលនទ្រព្យបានដើរ ប៉ុន្តែរាជរដ្ឋាភិបាលគិតថាមិន មានការចាំបាច់សម្រាប់ជួយស្រោចស្រង់ផ្នែកវិស័យអចលនទ្រព្យព្រោះថាវិស័យនេះជាង២០ឆ្នាំមកនេះបានរីកចម្រើនមកដល់ពេលនេះក៏ មានច្បាប់រដ្ឋធម្មនុញ្ញនិងមានលក្ខខណៈហាមឃាត់ដែរ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីមិនមានកែច្បាប់ក្តី ក៏មានលក្ខខណ្ឌជា ច្រើនបានជួយដល់វិស័យអចលនទ្រព្យ ដែលក្នុងនោះឲ្យជនបរទេសមាន សិទ្ធិទិញអចលនទ្រព្យបាន។ ព្រោះកន្លងមកជនបរទេសមានសិទ្ធិទិញដោយវិនិយោគនៅក្នុងកម្រិតណា មួយដើម្បី បានសញ្ជាតិផ្អែកលើច្បាប់វិនិយោគកម្ពុជា។

យ៉ាងណាក្តីទោះបីមានការផ្តល់សិទ្ធិឲ្យជនបរទេសទិញអចលនទ្រព្យតាមលក្ខខណ្ឌច្បាប់ដូចរយៈពេលវែង សម្តេចធិបតីបានគូសបញ្ជាក់ថា៖«មិនមែនថារាជរដ្ឋាភិបាលយើងធ្វើយ៉ាងនេះដើម្បីលក់ដីឲ្យបរទេសនោះទេ សូមបងប្អូនជ្រាបគឺជាលក្ខណៈជួលដែលមានរយៈពេលវែងហើយសិទ្ធិនៅតែជារបស់កម្ពុជាដដែលហើយយើងនៅអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញដដែល ដែលមិន អនុញ្ញាតឲ្យទាំងរូបវន្តបុគ្គល នីតិបុគ្គលអាចក្លាយជាម្ចាស់លើដីធ្លីនៅក្នុង ប្រទេស កម្ពុជានោះទេ»។ សម្តេចធិបតីបានបន្ថែមថាមានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទើបមានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«យើងនឹងធ្វើលក្ខខណ្ឌមួយចំនួនជួយវិស័យសេដ្ឋកិច្ច ប៉ុន្តែក៏ជួយដល់ប្រជាជនយើងដែរ។ កិច្ចការនេះយើងយកចិត្តទុកដាក់ណាស់ ដោយកុំ ឲ្យ«ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច»។ ពិតណាស់អ្វីដែលយើងធ្វើគឺដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដែលនឹងត្រូវកើនឡើងនៅពេលខាងមុខជាបន្តបន្ទាប់»៕

To Top