ព័ត៌មានជាតិ

សម្តេចធិបតីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ សិក្សាលំហូរចរាចរធ្វើយ៉ាងណា កុំឱ្យកកស្ទះ នៅតំបន់កណ្តាលរាជធានី

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ អនុសាសន៍គន្លឹះដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវគិតគូរសិក្សារៀបចំអំពីលំហូចរាចរ ធ្វើយ៉ាងណាកុំឲ្យកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ជាមួយនឹងការអបអរសាទរ នូវការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ជាស្ពាននាគផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា ក្នុងថ្ងៃនេះ ខ្ញុំសូម លើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំរអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធ រូបវ័ន្តចាំបាច់ ក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈកិច្ចសហប្រត្តិបត្តិការល្អ រវាងវិស័យរដ្ឋ វិស័យឯកជន ជាពិសេស ត្រូវខិតខំទាក់ទាញការវិនិយោគ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្ដានុពលថ្មីៗ ស្របតាមអនុសាសន៍គន្លឹះ ទាំង៥ចំណុច ដែលខ្ញុំបានដាក់ចេញ សម្រាប់រដ្ឋបាលរាជធានីខេត្ត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអាគារទីស្តីការថ្មីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ វិច្ឆិកា កន្លងទៅ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា “ខ្ញុំសូមដាក់ចេញអនុសាសន៍បន្ថែមពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម ទី១ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងពង្រឹងការគ្រប់គ្រង សភាពការណ៍តាមមូលដ្ឋានដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឲ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលដែល រដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលរាប់រង ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ពីគ្រប់ខេត្ត អញ្ជើញមកចូលរួមអបអរសាទរ ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលត្រូវយកចិត្តទុកដាក់ ការពារ សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ឲ្យបានសប្បាយរីករាយ អធិកអធម” ។

សម្តេចធិបតី បន្តថា “ទី២.ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែម អំពីការរៀបចំលំហូរចរាចរ ក្នុងទីក្រុងរណបកោះពេជ្រ ដើម្បីចៀងវាងការកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ព្រមទាំងត្រូវបន្តរិះរកមធ្យោបាយ និងវិធានការសមស្រប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ” ។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមទៀតថា “ទី៣.រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងបង្កើនសមត្ថភាព ផ្តល់សេវាដឹលជញ្ជូនតាមផ្លូវគោករបស់រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងក្នុងនោះត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់អភិវឌ្ឍកោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍថ្មី ដើម្បីបង្កើនការទាក់ទាញ និយមប្រើប្រាស់មធ្យោបាយរួម និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជន” ៕

To Top