ព័ត៌មានជាតិ

ក្រសួងការងារ និងក្រុមហ៊ុនយក្ស របស់កូរ៉េបង្កើត កិច្ចសហការអភិវឌ្ឍ ធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើត កិច្ចសហប្រតិបត្តិការ អភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា លើវិស័យឧស្សាហកម្ម ធុនធ្ងន់ ។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគី រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ 

ក្នុងកិច្ចពិភាក្សាដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងអស់បានឯកភាព លើការបណ្តុះបណ្តាល ប្រជាពលរដ្ឋកម្ពុជា ឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុង មានសក្តានុពល ។

ក្នុងកិច្ចពិភាក្សាប្រកប ដោយភាពស្និទ្ធស្នាលនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េខាងត្បូង និងក្រុមហ៊ុន ដែលបានផ្តល់វគ្គបណ្តុះបណ្តាល នេះជូនពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យ ឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ។

សម្រាប់ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងវិញ កិច្ចសហការបណ្តុះបណ្តាលនេះ នឹងក្លាយជាចំណុចជ្រោមជ្រែង ដ៏សំខាន់បន្ថែមទៀតដែលនឹងធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ ។

សូមរំលឹកបន្តិចថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនកម្រិត ពិភពលោក HYUNDAI Group ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧២ ដែលមានជំនាញលើការផលិតកប៉ាល់ និងនាវាធំៗ ។

កិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងនាពេលនេះ គឺធ្វើឡើងស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបតែប្រកាសដាក់ចេញ ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យចំនួន ១.៥លាននាក់ ដើម្បីផ្តល់ជំនាញ ឆាប់រហ័សនិងទទួលបានការងារ ធ្វើសមរម្យ៕

To Top