ព័ត៌មានជាតិ

លោកស្រី កែវ សុខពិសី ស្នើពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាព និងបរិស្ថានល្អ

ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់នូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌ៧មករា លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានឆ្លៀតយកឱកាសនេះ ស្នើដល់ប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាព និងបរិស្ថានល្អ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌ៧មករា បានធ្វើឡើងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយក្នុងនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានឲ្យដឹងថា វេទិកានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន លើកឡើងនូវសំនួរ សំណើ និងសំណូមពរទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ ។

លោកប្រធានក្រុមប្រឹក្សាបន្តថា វេទិកានេះបានផ្ដោតលើប្រធានបទចំនួន ៤រួមមាន៖ ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ) ទី៣ ការងារបរិស្ថាន (បញ្ហាសំរាម សុខុមាលភាពសង្គម) និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកស្រី កែវ សុខពិសី បានបញ្ជាក់ថា វេទិកាខាងលើនេះ មានសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្សចំនួន១៣ច្បាប់ ដោយក្នុងនោះ ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធជំនាញសាធារណការ រួមមាន ៖ ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ នៅសង្កាត់អូឬស្សីទី២, ការបំភ្លឺភ្លើងតាមផ្លូវ និងបញ្ហាដើមឈើបាក់ រលំ លើយានយន្ត និងការស្ថាបនាលូជាដើម ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីអភិបាលរង ក៏បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាពនិងបរិស្ថានល្អ។

ដោយឡែក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានឆ្លើយតបថា ការកាប់ឫលះមែកឈើដួល ឬធ្លាក់សង្កត់មកលើទ្រព្យសម្បត្តិ ឬយានយន្តរបស់ពលរដ្ឋ ខាងមន្ទីរជាអ្នកទទួលខុសត្រូវ ប៉ុន្តែបើខ្យល់ព្យុះ ឬគ្រោះធម្មជាតិផ្សេងៗ បណ្តាលឲ្យដើមឈើរលំ សង្កត់លើយានយន្តនោះ ជាប្រធានស័ក្ត មិនមែនជាការទទួលខុសត្រូវរបស់មន្ទីរសាធារណការនោះទេ៕

To Top