ព័ត៌មានជាតិ

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ បើកកម្មវិធីជាមួយនឹងការអំពាវនាវ ឲ្យមានសកម្មភាព លើអន្តរកាលថាមពលស្អាត

ភ្នំពេញ ៖ កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃ១៦ វច្ឆិកានេះ បានបើកសម្ពោធសប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ ២០២៣ ដោយអំពាវនាវឲ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាតពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាលោក ចាស្ទីន វ៉ាយអេត មានប្រសាសន៍ថា «អន្តរកាលថាមពលស្អាតរបស់កម្ពុជាគឺជាឱកាសមួយដើម្បី ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍របស់យើងក្នុងការធ្វើអន្តរការថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ ដើម្បីជួយកម្ពុជាសម្រេចបាននៅលទ្ធផលតាមការរំពឹងទុក”។

ឯកអគ្គរដ្ឋទូតថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជានិងភាគីពាក់ព័ន្ធដទៃទៀតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ។ CAPRED ក៏កំពុងអនុវត្តគម្រោងដែលជួយឲ្យប្រជាជននៅតំបន់ដាច់ស្រយាលដែលមិនទាន់ត្រូវបានភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ឲ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)។

លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជាឲ្យដឹងថា «ការទទួលយកថាមពលស្អាតមិនមែនជាគោលជំហរមនោគមវិជ្ជាទេ។ វាគឺជាឱកាសអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន”។

ចំណែក លោក Allen លេខាទីមួយផ្នែកអភិវឌ្ឍន៍នៃស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ បានបញ្ចេញទស្សនៈដែរថា «នូវែលហ្សេឡង់ សូមស្វាគមន៍ចំពោះឱកាសនានាក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរអន្តរកាលថាមពលស្អាតនាពេលអនាគត។ ព្រឹត្តិការណ៍ដូចជាសប្តាហ៍ថាមពលស្អាត ផ្តល់ឱកាសដើម្បីបណ្តុះការផ្លាស់ប្តូរជាវិជ្ជមាន និងចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃ ប្រឌិតក្នុងការដោះស្រាយបញ្ហាបន្ទាន់បំផុតដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ” ។

ខណៈលោក ណត្តារុណ នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប (EnergyLab Cambodia) សង្ឃឹមថាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ នឹងគាំទ្រដល់គោលដៅមួយរបស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ ក្នុងការបង្កើនថាមពលកកើតឡើងវិញអថេរ (VRE) និងថាមពលសូឡា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា។

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន ៖ រដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១៦-២៣ វិច្ឆិកា ក្នុងនោះរួមមាន៖ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។

កម្មវិធីនេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន។

អំពី EnergyLab Cambodia ។ EnergyLab Cambodia គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានគោលដៅបង្កើនបរិមាណថាមពលស្អាតនៅកម្ពុជា ព្រមទាំងជួយជម្រុញឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០៣០ របស់ខ្លួនក្លាយជាប្រទេសដែលមានស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់៕

To Top