ព័ត៌មានជាតិ

រយៈពេលជិត១០ឆ្នាំ និស្សិតកម្ពុជា ជិត២​ពាន់នាក់ ទទួលបានអាហារូបករណ៍ ពីក្រុមហ៊ុនលំដាប់អន្តរជាតិមួយ

ភ្នំពេញ៖ ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ និស្សិតកម្ពុជាជិត២ពាន់នាក់ បានទទួលអាហារូបករណ៍ពី ក្រុមហ៊ុនអន្តជាតិមួយ ដែលមានអាជីវកម្ម ពហុវិស័យឈានមុខគេ នៅក្នុងតំបន់អាស៊ាន ។​

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន SCG កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៣ បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ត្រូវបានធ្វើឡើងនៅកម្ពុជាតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ដោយមានកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន អេសស៊ីជី ជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និងស្ថានទូតថៃប្រចាំកម្ពុជា ។

កម្មវិធីនេះ មានគោលបំណងគាំទ្រដល់សិស្សនិស្សិតថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ ដែលមានការសិក្សាល្អ រួមទាំងអាកប្បកិរិយាល្អ និងចេះគោរពចំពោះឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យជាដើម។
គិតតាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យសរុបចំនួនជាង ១.៧០០នាក់ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពត ដោយសរុបថវិកាចំណាយលើការផ្ដល់ជូននេះ មានដល់ទៅប្រមាណ ៧០ម៉ឺនដុល្លារអាមេរិកឯណោះ ។
ក្រុមហ៊ុន អេសស៊ីជី ប្តេជ្ញាចិត្តក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ពិសេសនៅក្នុងការអភិវឌ្ឍធនធានមនុស្ស។

តាមរយៈការផ្ដល់ឱកាសអប់រំដល់យុវជនកម្ពុជា អេសស៊ីជី ជឿជាក់ថា នឹងជំរុញលើកទឹកចិត្តឲ្យពួកគេរត់ដេញតាមក្ដីស្រមៃរបស់ខ្លួន និងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមផងដែរ។

យ៉ាងណាមិញ សម្រាប់ខួប១០ឆ្នាំ នៃកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិនដែលបានរៀបចំឡើងកាលពីថ្ងៃទី១៥ វិច្ឆិកា២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ។​

សម្រាប់ឆ្នាំនេះ កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន បានផ្ដល់អាហារូបករណ៍សរុបចំនួន ១៥១នាក់ ដោយក្នុងនោះ មានសិស្សវិទ្យាល័យចំនួន ១២៥នាក់ និងនិស្សិតសាកលវិទ្យាល័យចំនួន ២៦នាក់។
និស្សិតដែលទទួលបាន អាហារូបករណ៍ពីកម្មវិធីនេះ សុទ្ធសឹងជាអ្នកកំពុងសិក្សានូវមុខជំនាញសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូចជាផ្នែក វេជ្ជសាស្ត្រ, វិស្វកម្ម, វិទ្យាសាស្ត្រសង្គម, ការអប់រំ និងផ្សេងៗទៀត។

លោក Ratchayut Kasemchaisiri អគ្គនាយក អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា « រយៈពេល ៣ទសវត្សរ៍មកហើយ ដែលក្រុមហ៊ុន អេសស៊ីជី បាននិងកំពុងមានប្រតិបត្តិការនៅកម្ពុជា។ យើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាគន្លឹះនៃនិរន្តរភាពសង្គម ហើយការអប់រំ គឺជាកត្តាស្នូលដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពលរដ្ឋ និងធានាការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ស្របតាមការប្តេជ្ញាចិត្តរបស់យើង ក្នុងការក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ អេសស៊ីជី បានផ្ដួចផ្ដើមបង្កើកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ដើម្បីគាំទ្រដល់ក្មេងៗនៅទូទាំងតំបន់អាស៊ាន»។

ចំណែកលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ដែរថា ការសិក្សា គឺជាពន្លឺនាំផ្លូវយុវជន ទៅរកអនាគតដ៏ភ្លឺស្វាង ហើយកាលណាយុវជន ពោរពេញ ទៅដោយសមត្ថភាព នោះពួកគេនឹងក្លាយ ជាកោសិកាដ៏សំខាន់ នៅក្នុងការជំរុញ ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ក្នុងន័យ លោកក៏បានស្ងើចសរសើរ និងថ្លែងអំណរគុណ ចំពោះការចូលរួមចំណែក របស់ក្រុមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក ដែលបានជួយគាំទ្រ ដល់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់ជូននូវអាហារូបករណ៍ ជាច្រើនដល់សិស្សនិស្សិត និងការងារគាំពារបរិស្ថាន ជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះលោក Cherdkiat Attarkor ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្រៅតែពីមានប្រតិបត្តិការ លើអាជីវកម្មរបស់ខ្លួន អេសស៊ីជី គឺជាគំរូដ៏ល្អនៃកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបានគូសបញ្ជាក់ថា៖ «សម្រាប់កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន មិនត្រឹមតែជាកម្មវិធីផ្ដល់អាហារូបករណ៍ធម្មតាមួយនោះឡើយ ប៉ុន្ដែ វាគឺជាពន្លឺនៃក្ដីសង្ឃឹម ដែលជាការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្ររបស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការជំរុញនិរន្ដរភាព និងការអភិវឌ្ឍតាមរយៈវិស័យអប់រំទូទាំងតំបន់អាស៊ាន។»
គិតមកទល់បច្ចុប្បន្ន កម្មវិធីនេះ បានផ្ដល់អាហារូបករណ៍ជាង ១ម៉ឺនកន្លែងហើយ ដល់សិស្សនិស្សិតឆ្នើមរាប់ពាន់នាក់នៅក្នុងតំបន់អាស៊ាន ដូចជានៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ ដោយសិស្សនិស្សិតទាំងនោះ សុទ្ធសឹងជាយុវជនដែលមានការសិក្សាល្អ ចេះគោរពដឹងគុណអ្នកដទៃ និងមានការតាំងចិត្តមុតមាំ ក្នុងការបន្ដការសិក្សា ៕

To Top