ព័ត៌មានជាតិ

ព្រះមហាក្សត្រ មានព្រះបន្ទូលថា កម្ពុជា បច្ចុប្បន្នមានសន្ដិភាព និងកំពុងក្លាយជារដ្ឋទំនើប

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះបន្ទូលថា កម្ពុជា នាពេលបច្ចុប្បន្នមានសន្ដិភាព និងកំពុងក្លាយជារដ្ឋទំនើប ហើយយុវជនកម្ពុជា ឆ្លើយតបដោយការស្រេកឃ្លានក្រេបជញ្ជក់នូវចំណេះដឹង និងភាពរីកចម្រើន។

តាមរយៈព្រះរាជសុន្ទរកថារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាស​ខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នៃសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីអង្គរ យូណេស្កូ នៅទីក្រុងប៉ារីស នាថ្ងៃទី១៥ វិច្ឆិកា ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះបន្ទូលបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាព និងកំពុងក្លាយជារដ្ឋទំនើប អង្គការយូណេស្កូកំពុងអភិវឌ្ឍកម្មវិធីរបស់ខ្លួន ជាពិសេសទាក់ទងនឹងការអប់រំ និងការបណ្ដុះបណ្ដាល វិជ្ជាជីវៈ។ យុវជនកម្ពុជា ឆ្លើយតបដោយការស្រេកឃ្លានក្រេបជញ្ជក់នូវចំណេះដឹង និងភាពរីកចម្រើន»។

ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះបន្ទូលបន្ដថា វិស័យទេសចរណ៍ បរិស្ថាន ការបណ្ដុះបណ្តាលជំនាញជួសជុលប្រាសាទ ការបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ការការពារនិងគ្រប់គ្រងបឹងទន្លេសាប ដែលអង្គការយូណេស្កូចាត់ជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេនៅកម្ពុជា គឺជាវិស័យការងារ របស់អង្គការយូណេស្កូ បន្ថែមទៅលើកម្មវិធីប្រពៃណ៍ផ្សេងទៀតរបស់អង្គការ។ ប្រទេសកម្ពុជា ចង់មានស្តង់ដារប្រកបដោយមហិច្ឆតា ប៉ុន្តែអាចសម្រេចបាននៅក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ។ ក្នុងស្មារតីនេះ ការបង្កើតមជ្ឈមណ្ឌលឯកសារចីរភាពដ៏ធំមួយ នឹងក្លាយជាសម្បត្តិ ដ៏មានតម្លៃ ហើយយើងនឹងខិតខំប្រឹងប្រែងសម្រេចកិច្ចការនេះ ។ មជ្ឈមណ្ឌលឯកសារនេះនឹង ក្លាយជាការចងចាំនៃអង្គរ។

ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះបន្ទូលបន្ថែមថា តាំងពីដើមមក អង្គការយូណេស្កូ បានកំណត់អាទិភាពរបស់ខ្លួនលើវិស័យអប់រំ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ៍ករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមោះមុត របស់សម្ដេច ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល។ បញ្ហាប្រឈម មានច្រើន ដូចជាក្តីសង្ឃឹមរបស់យុវជន។ នៅក្នុងពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នា ការបណ្តុះបណ្តាលមានការវិវត្ត ហើយការ បង្រៀនក៏ត្រូវការកិច្ចអភិវឌ្ឍថ្មីដែរ។

ព្រះមហាក្សត្រ នៃកម្ពុជា ពិតជាជឿជាក់ថាការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋា ភិបាលនឹងទទួលបានការគាំទ្រ ហើយ ព្រះមហាក្សត្រ សូមអំពាវនាវ ដល់អង្គការយូណេស្កូ ឱ្យចូលរួម ចំណែកក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្តាលថ្មីៗ ។ នៅប្រទេសកម្ពុជា អង្គការយូណេស្កូនឹង ទទួលបាននាពេល បច្ចុប្បន្ននេះ ក៏ដូចជានាពេលអនាគតនូវការប្តេជ្ញាចិត្តផ្តល់កិច្ចសហប្រតិ បត្តិការមិនងាករពីសំណាក់យុវជន និងអាជ្ញាធរ រដ្ឋាភិបាល និងស្ថាប័នរបស់កម្ពុជា ៕

To Top