ព័ត៌មានជាតិ

សហជីព និង កម្មករ ថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យ និយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជួយសម្រាលបន្ទុក ជីវភាពគ្រួសារ

ភ្នំពេញ៖សហជីព និង កម្មករ សាទរចំពោះរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ព្រោះកម្មវិធីនេះ ជួយសម្រាលបន្ទុកជីវភាព គ្រួសារក្នុងការថែទាំសុខភាព ក្រោយពីរាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការលើកឡើងរបស់សហជីព និង កម្មករ យ៉ាងដូច្នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ កាលពីពេលថ្មីៗនេះថា តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិត ឬបងប្អូនប្រជាពលរដ្ឋម្នាក់ ជាមធ្យម ត្រូវចំណាយ ២៥០ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិន មានរបបថែទាំសុខភាពនេះ ជាហេតុធ្វើឲ្យបងប្អូន កម្មករនិយោជិក ឬប្រជាពលរដ្ឋ មួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះ ជាមួយគ្រូពេទ្យញឹកញាប់ រហូតជួន កាលបណ្ដាយឲ្យខ្លួនឈឺ ដល់ដំណាក់កាលធ្ងន់ធ្ងរពិបាក ក្នុងការជួយឱ្យទាន់ពេលវេលា ។

ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជា បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាលបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំង ជួយកាត់បន្ថយការចំណាយ បន្ទុកក្នុងគ្រួសារ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជា

លោកបានលើកឡើងថា​ របបសន្តិសុខសង្គមនេះ ធ្វើឲ្យបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក
ប.ស.ស. គឺទទួលបានផលប្រយោជន៍ដូចៗគ្នា ។ ដោយគ្រាន់ តែបង់ភាគទាន ១ ៥៦០០រៀល តែប៉ុណ្ណោះ ទទួលសេវាថែទាំព្យាបាលជំងឺ ដូចបងប្អូនកម្មករ-កម្មការិនីដែរ ។
ចំណែកកម្មការិនីរោង ចក្រម្នាក់ ឈ្មោះ ហាន មុំ បានលើកឡើងថា លោកស្រីសប្បាយចិត្ត នៅពេលមានរបប សន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ព្រោះលោកស្រី មានគ្រួសារជាអ្នករត់ម៉ូតូឌុប ហើយលោកស្រីចង់ ឲ្យគ្រួសារមានប័ណ្ណ ប.ស.ស. ដែរដើម្បីថែទាំសុខភាពដូចគ្នា។

កម្មការិនីរោងចក្រម្នាក់ឈ្មោះ ហាន មុំ

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំជាកម្មការិនីរោងចក្រ មានប័ណ្ណ ប.ស.ស. រួចហើយ តែគ្រួសារខ្ញុំជាអ្នករត់ម៉ូតូឌុប គាត់ចង់បានប័ណ្ណ ប.ស.ស. ដែរ ។ ខ្ញុំសប្បាយចិត្តពេលលឺមានកម្មវិធីនេះ ព្រោះប័ណ្ណ ប.ស.ស. មានសារៈសំខាន់ណាស់ ដោយសារកន្លងមក ពេលឈឺល្មមៗអត់ហ៊ានទៅពេទ្យទេដោយជីវភាពខ្វះខាត»។

កម្មការិនីរូបនេះនិយាយបន្ថែមថា ការព្យាបាលនៅមន្ទីរពេទ្យម្តងៗ លោកស្រីត្រូវចំណាយអស់ប្រហែល ១០ ទៅ ២០ម៉ឺនរៀលតែនៅពេលមានប័ណ្ណ ប.ស.ស. គឺជួយសម្រាលចំណាយរបស់លោកស្រីច្រើនណាស់។

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំចង់ឃើញ សមាជិកផ្ទះខ្ញុំមានប័ណ្ណប.ស.ស. ដូចៗគ្នា ព្រោះពេលមានប័ណ្ណ
ប.ស.ស. អត់សូវភ័យរឿងពេលឈឺ ដោយសារអត់មានថវិកា ព្យាបាល ។ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ដែលបង្កើតឲ្យមានកម្មវិធីនេះជួយប្រជាពលរដ្ឋ»។

សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង « កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬ ប្រពន្ឋ និងកូនក្នុងបន្ទុកអាចទទួល បានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគ ទានត្រឹមតែ ១៥ ៦០០ រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យ ដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ ។ បន្ថែមពីនេះសម្រាប់បុគ្គលស្វ័យនិយោជន៍ជាស្រ្តីដែលបង់ភាគទានបាន ៩ខែ ក្នុង អំឡុង ១២ខែ នឹងទទួលបានប្រាក់បំណាច់លំហែ មាតុភាពនៅពេលសម្រាលកូន , និងវិភាជន៍ប្រាក់បូជាសព នៅពេលទទួលមរណភាព ។

របាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ទៀតថា ការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ប្រមាណជាង ៣លាននាក់បន្ថែមដែល នឹងធ្វើឱ្យរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជន សរុបប្រមាណជាង៥លាននាក់ ៕

To Top