ភ្នំពេញ ៖ ថ្ងៃទី១៧ ខែវិច្ឆិកា វេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកធ្វើ នៅរាជធានីភ្នំពេញ ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានវត្តមាន និង ឡើងថ្លែងសុន្ទរកថានៅក្នុងពិធីបើក ។ អ្នកទទួលខុសត្រូវ មកពីប្រព័ន្ធផ្សព្វផ្សាយធំៗជាង៤០ នៅកម្ពុជា តំណាងសហគ្រាសចិន និង មន្ត្រីតំណាងស្ថាប័នផ្សេងៗនៅកម្ពុជា សរុបជាង១២០នាក់ ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពល ដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព ។ កិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន មានលទ្ធផលល្អនិងមូលដ្ឋាន ទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន ។ ថ្មីថ្មីនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការ ផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជាបានថ្លែងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយគឺ ជាធាតុផ្សំសំខាន់ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជានិងចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ ប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួម ដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាន នូវកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន ។
លោក Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល” ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញ ផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះ ទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យថ្មី ។
លោកបានបន្តថា ប្រជាជន នៃប្រទេសទាំងពីរកម្ពុជាចិន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាន នូវទំនើបកម្មគឺ ជាគោលដៅតស៊ូរួមនៃប្រជាជន នៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយ ទទួលបន្ទុកបេសកកម្ម ដ៏ពិសេសនិងសំខាន់ ។
នៅក្នុងវេទិកា មានការចាក់បញ្ចាំងវីដេអូ ដែលផលិតឡើងជាពិសេស ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការលើកឡើង នូវគំនិតផ្ដួចផ្ដើម ”ខ្សែក្រវាត់និងផ្លូវ” ។ វីដេអូនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផល ផ្លែផ្ការយៈពេលដប់ឆ្នាំកន្លងមកនេះ ដែលប្រទេសកម្ពុជា និងចិនទទួលបានលើវិស័យផ្សេងៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាដើម ។
ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ ក្រោមប្រធានបទផ្សេងៗដូចជា“ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើដូចម្ដេច ដើម្បីរៀបរាប់រឿងរ៉ាវ ខ្សែក្រវាត់និងផ្លូវឱ្យបានល្អ” ។
ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជាចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន ។ វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នាទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅវិញ ទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និង ការរៀនសូត្រពីគ្នា រវាងប្រទេសទាំងពីរកម្ពុជាចិន មានភាពប្រក្រតី និងរួមកសាងសហគមន៍ ជោគវាសនារួមកម្ពុជាចិន នៅក្រោមបរិបទ នៃការអភិវឌ្ឍប្រកបដោយចីរភាព ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន