ព័ត៌មានជាតិ

មានករណីគាស់ផ្ទះ អ្នកសារព័ត៌មាន ដើមអម្ពិល នៅបុរីភ្នំពេញថ្មី អេលីត ផាក ២ ក្នុងខណ្ឌសែនសុខ (Video)

ភ្នំពេញ៖ សេចក្តីរាយការណ៍នានា បានឱ្យដឹងថា មានករណីគាស់ផ្ទះ១ករណី បានកើតឡើង នាយប់អាធ្រាត ម៉ោង២​ ឈានចូលថ្ងៃសុក្រ​ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលេខ L119 ផ្លូវ L​ ក្នុងបុរីភ្នំពេញថ្មី អេលីតផាក២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមលោក សែន បញ្ញា ជាម្ចាស់ផ្ទះខាងលើ និងជាអ្នកសារព័ត៌មាន នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យរៀបរាប់ឱ្យដឹងថា លោក បានទទួលដំណឹងពីករណីចោរលួចគាស់ផ្ទះនេះ វេលាម៉ោង៩ព្រឹក តាមរយៈសន្តិសុខរបស់បុរី អំពីករណីមានចំហទ្វារផ្ទះ។ លុះពេលលោកមកដល់ គឺមិនមែនចំហរធម្មតានោះទេ ពោលគឺក្រោយពីការពិនិត្យភិនភាគទ្វារ និងចម្រឹងបង្អួច ទើបដឹងថា ជាករណីចោរលួចគាស់ផ្ទះ ដោយជនល្មើស បានរើកកាយយកគ្រឿងសង្ហារឹម និងសម្ភរៈប្រើប្រាស់ផ្សេងៗទៀត ដោយមានសភាពរុះរើរាយប៉ាយ ពេញផ្ទះ ជាន់ខាងក្រោម។

លោកបន្តថា លោកបានប្តឹងបន្ថែមឱ្យខាងបុរី (សន្តិសុខ​ និងរដ្ឋបាល) បន្ថែមផងដែរ ប៉ុន្តែខាងបុរី ហាក់ដូចជា គ្មានអើពើ ហើយលោកក៏សម្រេចចិត្ត ដាក់ពាក្យទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ហើយលោកឧត្តមសេនីយ៍ ក៏បានចាត់បញ្ជូន លោកអធិការនគលបាលខណ្ឌសែនសុខ និងម៉េប៉ុស្តិ៍ក្រាំងធ្នង់ ចុះមកផ្ទាល់ ដើម្បីពិនិត្យជាក់ស្តែងផងដែរ។

លោកបញ្ជាក់ថា លោកមានការហួសចិត្តចំពោះទង្វើមិនទទួលខុសត្រូវ ផ្នែកសន្តិសុខរបស់បុរី ដែលហាក់ដូចជាសោះអង្គើយ។ លោកចាត់ទុកថា សកម្មភាពលួចគាស់ផ្ទះនេះ គឺពិតជាប៉ះពាល់សតិអារម្មណ៍ និងសុវត្ថិភាព​ទោះតិចរឺច្រើន។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់តាមទូរស័ព្ទទៅ លោក ភូ សម្បតិ្ត (Phou Sambath) ប្រធានផ្នែកសណ្តាប់ធ្នាប់ និងរដ្ឋបាល នៃបុរីភ្នំពេញថ្មី អេលីតផាក២ នៅថ្ងៃសុក្រនេះដែរ ប៉ុន្តែមិនមានអ្នកលើក។

ជាមួយគ្នានេះ លោក បញ្ញា ក៏ស្នើឱ្យបុរីពង្រឹងសន្តិសុខ របស់ខ្លួនឡើងវិញ ។ ម្យ៉ាងអ្នកជិតខាង ក៏បានប្រាប់លោកផងដែរថា បុរីនេះ ហាក់មិនសូវមានសុវត្ថិភាពនោះទេ។

ក្រោយការពិនិត្យ លោកបញ្ញា បានឱ្យដឹងថា ពុំបាត់បង់សម្ភារៈនោះទេ។

ជាមួយគ្នានេះ លោក ក៏សូមថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាល ក៏ដូចជាលោកអធិការខណ្ឌសែនសុខ និងលោកមេប៉ុស្តិ៍ និងសហការីរបស់លោក ក្នុងការចាត់វិធានការភ្លាមៗផងដែរ និងសូមថ្លែងអំណរដល់អ្នកជិតខាងរបស់លោក ដែលជួយស្រែកឆោឡោ ពេលមានសំឡេងក្រិកក្រុក សង្ស័យមានករណីគាស់ផ្ទះនេះផងដែរ៕

To Top