ព័ត៌មានជាតិ

កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបច្ចេកទេស នឹងធ្វើឱ្យជីវភាពគ្រួសារក្រីក្រ មានភាពប្រសើរឡើង

ភ្នំពេញ៖ យុវជននិងអាណាព្យាបាលនៃគ្រួសារក្រីក្រនិងងាយរងហានិភ័យ និងអាជ្ញាធរមូលដ្ឋាន​បានសម្តែងការ​ពេញ​ចិត្ត​ជាខ្លាំងចំពោះ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបាន​ប្រមុខរាជរដ្ឋាភិបាល ប្រកាស​អនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក​ ដោយពួក​គាត់ជឿជាក់ថា​ក្រោយការ​រៀនចប់វគ្គបណ្តុះបណ្តាលដោយមិនគិតថ្លៃនេះហើយ យុវជន​គ្រួសារក្រីក្រនឹងមានជំនាញពិតប្រាកដមួយ និងអាចរក​ចំណូលសមរម្យសម្រាប់​ផ្គត់ផ្គង់គ្រួសារ​ទៀត​ផង។

មានមុខរបរជាអ្នករត់ម៉ូតូកង់បី និងជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌ រស់នៅក្នុងសង្កាត់គីឡូ​ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ លោក អូន ផាន់ណា បាននិយាយថា ក្នុងមុខរបរជាអ្នករត់កង់បី និង​កំពុងមានជំងឺ​ផ្ទាល់ខ្លួន​ផង​នោះ គាត់មិនមានលទ្ធភាពផ្គត់ផ្គង់កូនស្រីរៀនបន្តនៅមហាវិទ្យាល័យទេ ព្រោះ​លោក​​ត្រូវផ្គត់ផ្គង់​កូនតូចៗ​២នាក់ទៀតដែលកំពុងរៀនដែរនោះ។​

លោកចង់ឱ្យកូនស្រី​ដែលកំពុង​រៀនថ្នាក់ទី​១២ ចាប់យក​ជំនាញ​​​​ផ្នែកសំអាង និងសាឡន ដែលរៀនឆាប់ចប់ និងឆាប់រក​ចំណូល​បាន​សម្រាប់​ខ្លួនឯង និង​​គ្រួសារ។

លោកមាន​​ចិត្តរីករាយជាខ្លាំងនៅពេលដឹងថា រាជរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លី សម្រាប់​គ្រួសារ​​ក្រីក្រ​អាចចូលរៀនដោយមិនគិតថ្លៃ និងថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំ​ខែចំនួន២៨ម៉ឺនរៀល​ទៀត។
លោកថា ​កម្មវិធី​បណ្តុះបណ្តាលនេះ ជាឱកាសល្អសម្រាប់យុវជនអាចយកពេលវេលារបស់ខ្លួនទៅរៀន​ជំនាញ​មួយ​ពិតប្រាកដសម្រាប់ជីវិត ប្រសើរជាងពួកគេទៅសេពគ្រឿងញៀន រឺប្រព្រឹត្តអំពើមិនល្អក្នុងសង្គម។

ដូចគ្នានេះ អ្នកស្រី ឃន ចាន់ថន ជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌ រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និយាយដោយភាពរំភើបក្តុកក្តួលនៅពេលទទួលដំណឹងថា រាជរដ្ឋាភិបាលផ្តល់ឱកាសដល់យុវជន​គ្រួសារ​ក្រីក្រអាចចូលរៀនជំនាញពិតប្រាកដដោយមិនគិតថ្លៃ ព្រោះកន្លងមកអ្នកស្រីពិតជាចង់ឱ្យកូនស្រី និង​កូន​ប្រុសទៅ​រៀន​ជំនាញមួយច្បាស់លាស់សម្រាប់កូន ប៉ុន្តែគ្រួសារអ្នកស្រីមិនមានលទ្ធភាពទេ។ អ្នកស្រី មាន​សង្ឃឹមថា នៅពេលកូន​ប្រុសដែលចង់រៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់ និងកូនស្រីចង់រៀន​ផ្នែក​សាឡន​បាន​រៀនចប់ ពួកគេនឹងអាចទទួលបានបទពិសោធន៍ថ្មីក្នុងសង្គម និងអាចរកប្រាក់ចំណូលសម្រាប់ខ្លួនឯង និង​អាចផ្គត់ផ្គង់គ្រួសារបាន។

ចំណែក យុវជន ស្រី គីមហេង ជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌ រស់នៅក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដែលទើបប្រឡងបាក់ឌុបហើយនោះ ក៏ចង់ចូលរៀនជំនាញខ្លីជួសជុលគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទវិញ ព្រោះ​ជំនាញ​​នេះកំពុងតម្រូវការក្នុងទីផ្សារ និងអាចរកចំណូលបានលឿនសម្រាប់ជួយសម្រាលបន្ទុកគ្រួសារ។ យុវជនរូបនេះ សង្ឃឹមថាពេលមានជំនាញមួយពិតប្រាកដនឹងអាចជួយខ្លួនឯងផង ជួយគ្រួសារផង និងជា​ធនធាន​មនុស្សល្អក្នុងសង្គមផង ប្រសើរជាងចំណាយពេលទៅធ្វើរឿងអត់ប្រយោជន៍។ យុវជនរូបនេះ អំពាវ​នាវ​ដល់យុវជននៃគ្រួសារក្រីក្រផ្សេងទៀតដែលមិនទាន់មានមុខរបរ និងជំនាញពិតប្រាកដនៅឡើយទេ គួរ​ចំណាយពេលខ្លីចូលរៀនវគ្គជំនាញមួយច្បាស់លាស់​ តាមរយៈ​កម្មវិធីបណ្តុះបណ្តាល​ជំនាញដោយមិ​ន​គិតថ្លៃ​នេះ។

ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោក ទុយ​ឡេង ប្រធានក្រុមប្រឹក្សាសង្កាត់ទួលទំពូង២ បានសម្តែងការពេញចិត្ត​ជាខ្លាំងចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់យុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រោះ​នៅ​ពេលដែលសមាជិកគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញមួយច្បាស់លាស់ និងមានការងារ រឺមុខរបរពិតប្រាកដនោះ គឺមានន័យថាពួកគេនឹងអាចចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន រួមនិងអាច​កាត់​បន្ថយបញ្ហាក្មេងទំនើងក្នុងមូលដ្ឋានជាដើម។ លោក បញ្ជាក់ថាអាជ្ញាធរសង្កាត់នឹងចូលរួមផ្សព្វផ្សាយអំពី​កម្មវិធី​បណ្តុះបណ្តាលនេះទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រួសារដែលមានបណ្ណសមធម៌ និងគ្រួសារងាយរង​ហានិភ័យ​តែម្តង។ ​​

ដោយឡែក លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអរគុណ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើន​សម្រាប់​​យុវជនគ្រួសារក្រីក្រ និងងាយរងហានិភ័យអាចចូលរៀនដោយមិនគិតថ្លៃ និងថែមទាំង​ទទួល​បាន​ប្រាក់​​ឧបត្ថម្ភប្រចាំខែទៀត។ លោក ស្នើដល់អាណាព្យាបាលគ្រួសារក្រីក្រ និងងាយរងហានិភ័យ សូមលើក​ទឹក​ចិត្ត​ឱ្យកូនចៅចូលរៀនចាប់យកជំនាញសម្រាប់អនាគតរបស់ពួកគេ ព្រោះយុវជនម្នាក់ត្រូវតែមានជំនាញ​មួយ​ពិត​ប្រាកដក្នុងជីវិត។

សូមបញ្ជាក់ថា អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គសិក្សា អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh។ និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស៕

លោក អូន ផាន់ណា សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ
អ្នកស្រី ឃន ចាន់ថន សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ
យុវជន ស្រី គីមហេង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
លោក ទុយ ឡេង ប្រធានក្រុមប្រឹក្សាសង្កាត់ទួលទំពូង២
លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦
To Top