ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោករដ្ឋមន្រ្តីកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា។
សេចក្តីថ្លែងអំណរគុណរបស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម(influencer)ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។
នៅលើបណ្តាញសង្គមរបស់ខ្លួន ក្រៅពីពន្យល់លំអិតនៃកម្មវិធី និងអត្ថប្រយោជន៍សម្រាប់មុខសញ្ញាគោលដៅនីមួយៗរួចហើយនោះ លោករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវដល់បុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងយុវជនក្រុមគោលដល់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ជាលក្ខណៈប្រវត្តិសាស្ត្រនេះ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ “តាមរយៈការចូលរួមជួយផ្សព្វផ្សាយ និងពន្យល់យ៉ាងទូលំទូលាយនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាត្រូវទទួលអត្ថប្រយោជន៍ពីកម្មវិធីទាំងពីរខាងលើនេះនឹងទទួលបានព័ត៌មាន ហើយទៅចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលនេះ” ។
ទោះបីជាបែបណាក៏ដោយដើម្បីឱ្យកម្មវិធីទាំងពីរនេះមានផ្លែផ្កា និងជោគជ័យ ការជួយផ្សព្វផ្សាយ ការជួយពន្យល់ណែនាំ និងការចែករំលែកបន្តទៅទៀតពីអ្នកដែលមានសមាណចិត្តទាំងអស់ នឹងអាចជួយកែប្រែវាសនាមនុស្ស១នាក់ ឬ១គ្រួសារ ហើយក៏ជាការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍសង្គមជាតិ ដែលជាគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់លោករដ្ឋមន្ត្រីដដែល៕