ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពី រអាល្លឺម៉ង់-កម្ពុជា ។
ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះលោក Stefan Messerer និងសហការី ដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ គាំទ្រផ្តល់ជាជំនួយដល់ប្រជាជនកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូនភ្ញៀវពីយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះ ទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋមន្រ្តីបន្ថែមថា ដើម្បីចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលមក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរលើកិច្ចការ ចំពោះមុខដែលត្រូវអនុវត្ត និងបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាវិបត្តិនៃការប្រែប្រួលអាកាសធាតុជាដើម។
ជាការឆ្លើយតបលោក Stefan Messerer បានសម្តែងការអបអរសាទរចំពោះ លោក ឆាយ ឫទ្ធិសែន ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។
លោកឯកអគ្គរដ្ឋទូត បានធ្វើការវាយតម្លៃខ្ពស់ចំពោះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋាចរនាសម្ព័ន្ធជនបទ។
ក្នុងជំនួបនេះដែរ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានលើកពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ ហើយបានប្ដេជ្ញាក្នុងការដោះស្រាយបញ្ហាទាំងនោះ រួមគ្នាដើម្បីផលប្រយោជន៍រួម របស់ប្រជាជន នៅតំបន់ជនបទនៅកម្ពុជា។
ចុងបញ្ចប់ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងសហការីថា ក្នុងអាណត្តិទី៧ នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ៕