ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូនតាមរយៈ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សាទៀតផង។
លោក អំពាវនាវដល់យុវជនគួរចាប់យកជំនាញដែលខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដូចនេះយុវជនអាចជ្រើសរើសមុខជំនាញចូលរៀនបានតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនៅពេលនេះ ដែលមានមុខជំនាញដល់ទៅ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជាតម្រូវការទីផ្សារ។
លោក កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់គួរមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័យថាត្រូវ មានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយដល់គ្រួសារ និងជួយដល់សង្គមជាតិ។
បន្ថែមពីនេះ លោក កត្តា អ៊ន ចាត់ទុកថា ការបណ្តុះបណ្តាលជំនាញគឺជាស្ពានដែលអាចឱ្យយុវជនរក ចំណូលបានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទៀតផង។ ទន្ទឹមនឹងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ លោក កត្តា អ៊ន ក៏ជម្រុញយុវជនត្រូវយកចិត្តទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមាយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព។
ចំពោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញនាពេលនេះពិតជាចាំបាច់ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានន័យថា មានមនុស្សហើយត្រូវមានទាំងចំណេះដឹង សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់ការងារល្អផងដែរ។ ដូចនេះ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺមិនត្រឹមតែផ្តោតលើការបង្រៀនជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោលើជំនាញទន់ដូចជាផ្នត់គំនិត និងទម្លាប់ល្អក្នុងការងារផង ដើម្បីទទួលបានការងារល្អ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថាកម្មវិធីបណ្តុះបណ្តាលនេះ នេះផ្តល់ឱកាសដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់ រឺបានបោះការសិក្សាចោល ឱ្យមកចូលរៀនដើម្បីក្លាយជាកម្លាំងពលកម្មជំនាញមួយច្បាស់លាស់វិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា យុវជនមួយចំនួននៅតែយល់ថា ការសិក្សាជំនាញបច្ចេកទេស មានកំរិតទាបជាងការសិក្សាថ្នាក់ឧត្តមសិក្សា ដោយសារពួកគាត់គិតពីមុខមាត់ ជាងអាជីពដែលមានជំនាញច្បាស់លាស់ និងអាចរកចំណូលបានឆាប់រហ័ស។ លោកបណ្ឌិត លើកឡើងថា នៅប្រទេសសិង្ហបុរី សម្រាប់យុវជនដែលរៀនមិនចប់ថ្នាក់វិទ្យាល័យទេ គឺពួកគេអាចចូលរៀនវគ្គជំនាញបច្ចេកទេសវិញ និងបន្ទាប់ពីសិក្សាបាន២រឺ៣ឆ្នាំ ពួកគេអាចបន្តសិក្សាថ្នាក់ឧត្តមសិក្សាទៀត។
ចំណែក លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ជម្រុញដល់យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ព្រោះពេលដែលយុវជនមានជំនាញមួយពិតប្រាកដក្នុងជីវិត គឺពួកគេអាចជួយខ្លួន ជួយគ្រួសារបាន ដែលនេះក៏មានន័យថាបានចូលរួមជួយសង្គមជាតិដែរ។ បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ដើម្បីសម្រេចបាននូវអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” គឺត្រូវការការចូលរួមពីតួអង្គរាជរដ្ឋាភិបាល វិស័យឯកជន ជាពិសេសគឺសិក្ខាកាមផ្ទាល់ខ្លួន ត្រូវតែមានវិន័យលើខ្លួនឯង ដើម្បីធានាថាពេលរៀនចប់ទទួលសញ្ញាបត្រ គឺត្រូវយកជំនាញមកធ្វើការកើត។
តាមការបញ្ជាក់របស់លោក កត្តា អ៊ន សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គសិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh។ និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅត្រូវបំពេញលក្ខខណ្ឌមួយចំនួន រួមមាន ៖ (១).ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត, និង (៤).មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕