ព័ត៌មានជាតិ

សម្តេចធិបតី ៖ យើងត្រូវគិតគូការប្រកួតប្រជែងផ្ទៃក្នុង តែកុំឲ្យបាត់ភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងវិស័យស្រូវ-អង្ករ ត្រូវមានការប្រកួតដែលត្រូវរួមគ្នា គិតគូពីការប្រកួតប្រជែងផ្ទៃក្នុង ប៉ុន្តែកុំឲ្យប្រកួតប្រជែងផ្ទៃក្នុង រហូតទៅដល់ធ្វើយ៉ាងណាបាត់នូវភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាង ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសឲ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃ២០ វិច្ឆិកា។

សម្តេចធិបតីលើកឡើងថា “តួរអង្គសំខាន់មាន៣ ទី១គឺអ្នកប្រតិបត្តិដែលកសិករ និងវិស័យឯកជន និងអ្នក ពាក់ព័ន្ធក្នុងវិស័យកសិកម្ម ។ ទី២រាជរដ្ឋាភិបាល និងទី៣ គឺអ្នកប្រើប្រាស់ គឺអតិថិជន ។ ៣នេះសំខាន់ណាស់ នៅក្នុងចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ខ្សែចង្វាក់ផលិតកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់របស់យើង ។ ទី១ គឺអ្នកប្រតិបត្តិ ដែលប្រជាកសិករ និងសហគ្រាសគ្រប់កម្រិតនៃវិស័យកសិកម្ម មានដំណើរការនៅក្នុងវិស័យនេះ សម្រាប់តួអង្គនេះ យើងមានរួចទៅហើយ និងការខិតខំ និងមានឆន្ទៈក្នុងការធ្វើឲ្យវិស័យនេះ រីកចម្រើន ប៉ុន្តែអ្វីដែលយើងអាចព្យាមយាមបន្ថែមទៀតនោះ អាចធ្វើយ៉ាងណាឲ្យប្រតិបត្តករទាំងអស់ ទាំងកសិករ និងវិស័យឯកជនមានភាពប្រទាក់ក្រឡាគ្នា បំពេញបន្ថែមឲ្យគ្នា ជាពិសេស ត្រូវមានផលប្រយោជន៍រួម ដើម្បីយើងអាចគៀងគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍន៍វិស័យនេះ ប្រទេសយើងតូច ហើយបើយើងតូចប្រកួតគ្នាតូចទៀត យើងមិនឈ្នះគេទេ” ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំសូមឲ្យគិតគូរវិស័យនេះ នៅក្នុងក្របខណ្ឌព្រៃទាំងមូល កុំគិតដើមឈើមួយដើម” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា”ប្រទេសយើងជាប្រទេសនាំចេញកសិកម្ម តែកុំភ្លេចថា នៅក្នុងអាស៊ាន ១០ មិនបាច់និយាយឆ្ងាយ ទៅដល់អាហ្វ្រិក ទៅដល់អាមេរិកឡាទិនទេ យើងក៏ប្រកួតប្រជែងរួចហើយ ជាពិសេសប្រកួតប្រជែង ជាមួយនឹងអ្នកនាំចេញ ផលិតផលកសិកម្មធំ នៅជិតយើងតែម្តង” ។

សម្តេចធិបតីបន្ថែមទៀតថា “ខ្ញុំសូមឲ្យគិត អំពីក្របខណ្ឌរួមក្នុងវិស័យ នេះបានន័យថា ​ឯកជន រដ្ឋ ជាមួយនិងកសិករ គិតគ្នា បើយើងគិតបែបនេះ យើងយកលេខ១ នៅក្នុងចំណាក់ថ្នាក់លេខ១០ ឬមួយយកលេខ១០ នៅក្នុងក្រុមចំណាក់ថ្នាក់លេខ១ អាហ្នឹងយើងសួរសំណួរខ្លួនឯងអីចឹងថាតើចង់ឲ្យវិស័យកសិកម្មយើង មានកម្រិតប្រកួតប្រជែងកម្រិតខ្ពស់ ហើយយើងជាអ្នក សមាជិកក្នុងហ្នឹង យើងបាច់ចាំដល់ទៅខ្ពស់ទេ ។ បើសិនការនាំចេញហើយជោគជ័យកសិកម្មយើងខ្ពស់ យើងមិនចាំបាច់លេខ១ នៅក្នុងក្រុម ហើយនៅក្នុងប្រទេសយើង ក៏យើងបានផលដែរ តែបើសិនជាយើងបានលេខ១មែន ប៉ុន្តែយើងវិស័យកសិកម្មយើងមិនសូវរឹងមាំ យើងប្រកួតប្រជែងមិនសូវឈ្នះគេ ចឹងខ្ញុំគិតថា ផលលាភក៏មិនសូវបានច្រើនដែរ” ។

ក្នុងនោះសម្តេច ហ៊ុន ម៉ាណែត ធ្វើការចង្អុលបង្ហាញថា “ការគិតគូរនេះ ខ្ញុំគិតថា គួរគិតយើងសុខចិត្ត លេខ១០ នៅក្នុងក្រុមដែលមានចំណាក់ថ្នាក់លេខ១ចុះ បានន័យថាមិច ការគិតពីផលប្រយោជន៍រួម នៃវិស័យទាំងមូលរបស់កម្ពុជា ជាជាងផលប្រយោជន៍ របស់ក្រុមហ៊ុនណាមួយ ។ ក្នុងវិស័យស្រូវអង្ករយើងត្រូវប្រកួត យើងត្រូវរួមគ្នា គិតគូពីការប្រកួតប្រជែងផ្ទៃក្នុង ប៉ុន្តែកុំឲ្យប្រកួតប្រជែងផ្ទៃក្នុង រហូតទៅដល់ធ្វើយ៉ាងណាបែកបាត់ នៅភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាង ចឹងវាទាមទារឲ្យយើងធ្វើការសហការ”។

សម្តេចធិបតី បានឲ្យដឹងថា “មិនមែនតែនៅក្នុងស្រូវអង្ករទេ នៅក្នុងដំណាក់កាលផ្សេងៗទៀត ចឹងការគិតគូរនេះ ដែលយើងបានចងក្រងជារចនាសម្ព័ន្ធ ហើយដាក់គោលនយោបាយមួយ​ នៅក្នុងកម្មវិធីនេះ គឺការរៀបចំជាសហគមន៍ កសិកម្មទំនើប ពាក្យថាសហគមន៍ កសិកម្មទំនើប មិនមែនបានន័យថា យើងមានត្រឹមតែធនធាន មានតែបច្ចេកវិទ្យាទំនើបទេ ប៉ុន្តែទំនើបទាំងការគិត ទំនើបទាំងរៀបរបបធ្វើការសហការគ្នា ដែលខ្ញុំឲ្យគិតថា ពេលខ្លះយើង សុខចិត្តយកលេខ១០ នៅក្នុងក្រុមលេខ១ ជាជាងយកលេខ១នៅក្នុងក្រុមលេខ១០”៕

To Top