ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវយុវជន ប្រឡងជាប់ជំនាញ កសិកម្មតាមមូលដ្ឋាន ត្រូវប្រើបេះដូងមកធ្វើការ ដើម្បីជួយកសិករខ្មែរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវ នាវដល់យុវជន ដែលប្រឡងជាប់ជំនាញ កសិកម្មនៅតាមឃុំ-សង្កាត់ រួចរាល់ហើយ ត្រូវប្រើបេះដូងមកធ្វើការ ដោយខិតខំប្រឹងប្រែងយក ជំនាញរបស់ខ្លួន ទៅជួយដល់កសិករ។

ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានបេក្ខជនប្រមាណ ជិត១ម៉ឺននាក់ បានដាក់ពាក្យប្រឡងជាមន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់ ខណៈគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកត្រឹមតែចំនួន ២៥០នាក់ប៉ុណ្ណោះ។

សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកទូលាយសម្រាប់ការប្រឡងនេះ សំដៅធានាបានតម្លាភាព យុត្តិធម៌ សុក្រឹត្យភាព និងប្រកបដោយគុណភាពដោយផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈពិតប្រាកដលើកិច្ចការនេះ។

លើសនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់និស្សិត ដែលបានដាក់ពាក្យប្រឡង ជាប់ហើយក្នុងការជ្រើសរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ ចំនួន២៥០នាក់នោះ បំពេញភារកិច្ចដោយយកបេះដូងមកធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើ ដល់ប្រជាពលរដ្ឋ ។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់បងប្អូនដែលដាក់ពាក្យទាំងអស់ នៅពេលប្រឡងជាប់ហើយ ទទួលបានហើយសូមបំពេញភារកិច្ច ដោយបេះដូងមូល ដើម្បីជួយកសិករ។ យើងយកក្របខណ្ឌ មិនមែនយកដើម្បីបានប្រាក់ខែ ដើម្បីបានក្របខណ្ឌនោះទេ យើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយដល់កសិកររបស់យើង និងកសិកម្មរបស់យើង»។

ឆ្លៀតឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រដល់ផលិត ផលផលិតក្នុងស្រុក ពិសេសផលិតផលកសិកម្ម។

សម្តេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «អតិថិជន គឺជាអ្នក ដែលកំណត់ទាំងក្នុង និងក្រៅប្រទេស បើផលិត ហើយអត់មានទីផ្សារលក់ យើងពិបាកអីចឹងសម្រាប់កម្ពុជាយើង ។ ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុក របស់យើង»៕

To Top