ព័ត៌មានជាតិ

សម្តេចឃួន សុដារី ៖ សភា-រាជរដ្ឋាភិបាល មានឆន្ទៈមុះមុតលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី

ភ្នំពេញ៖ សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុត ក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០​ និង២០៥០។

ក្នុងឱកាសអញ្ជើញ បើកវេទិកាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ស្រ្តីក្នុងថា្នក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» នាថ្ងៃទី២០ វិច្ឆិកា សម្តេចឃួន សុដារី បញ្ជាក់ថា រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំង នូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាព របស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកា សភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។

សម្តេចរដ្ឋសភាធិបតី សង្កត់ធ្ងន់ថា​ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានបង្ហាញយ៉ាងច្បាស់ពីការ បន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។
ទោះជាមានកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការ សមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើន ជាពិសេសចំនួនស្រ្តី ក្នុងវិស័យនយោបាយនិងសាធារណៈ ។ យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្នាំ២០២៣ បានបង្ហាញថា ស្រ្តីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ៣៥,៥%ប៉ុណ្ណោះ នៅទូទាំងសកលលោក។

ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្រ្តីនៅក្នុងតំណែងថ្នាក់ដឹកនាំកំពូលដែលសមាជិកព្រឹទ្ធសភាជាស្រ្តី មានអត្រាកើនឡើងប្រមាណពី១៤,៧៥% ដល់១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្រ្តីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦%វិញ។ ចំណែកអត្រាស្រ្តីនៅក្នុងស្ថាប័ន នីតិប្រតិបត្តិនៅហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ១៥%។ ចំនួនស្រ្តីនៅក្នុងកម្រិតថ្នាក់ ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រីនៅ ថ្នាក់មេឃុំ/ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧។

ក្នុងឱកាសនោះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា​ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ ក្នុងពិភពលោកដែលសម្រេចគោលដៅ អភិវឌ្ឍសហស្សរ៍ លើសុខភាពមាតា ដែលក្នុងនោះ អត្រាមរណភាពមាតា បានធ្លាក់ចុះពី ៤៧២ក្នុងឆ្នាំ២០០៥ ដល់១៥៤​ នៅក្នុងចំណោម១សែន កំណើតរស់នៅឆ្នាំ២០២២ ។ យោងតាមវេទិកាសេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២២ កម្ពុជាមានលំដាប់លេខ៤១​ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់។

លោកស្រីរដ្ឋមន្រ្តីគូសបញ្ជាក់ថា​ ជារួមស្រ្តីកម្ពុជាផ្តល់តម្លៃនិងទទួល ស្គាល់នៅសហគមន៍ អន្តរជាតិសម្រាប់ការចូល រួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាននិងទី១៣ ក្នុងចំណោម១២០ប្រទេស​ ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះ សបញ្ជាក់ឲ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិង នីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០និង ២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសលើស្រ្តីនិងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និង សង្គ្រាមកើតឡើងនៅ អ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជាដើម។

ដើម្បីចូលរួមដោះស្រាយបញ្ហា ប្រឈមខាងលើ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។​ ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា ។ ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍ ជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាព យេនឌ័រនៅគ្រប់កម្រិត តាមរយៈការ តាក់តែងគោលនយោបាយ និងច្បាប់ដែលឆ្លើយ តបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្រ្តី ក្នុងការចូលរួមយ៉ាង សកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតជាដើម​ ៕

To Top