ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផ្តល់អនុសាសន៍ចំនួន១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលាសម្រាប់កិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា។
អនុសាសន៍ទាំង១០ចំណុចនេះធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី“ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨”ដែលប្រារព្ឋនៅសណ្ឋាគារភ្នំពេញដែលមានការចូលរួមពីលោក Oktavianto Pasaribu នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោកសំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពសម្រាប់កម្មវិធីការងារសមរម្យប្រចាំនៅកម្ពុជា(NTUC) និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)។
អនុសាសន៍ទាំង១០ចំណុចនោះរួមមាន១.ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងាររបស់ប្រតិបត្តិកររបស់ក្រសួង, ទី២.ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព(OSH),ទី៣. ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សាអាជ្ញាកណ្តាល), ទី៤. ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម, ទី៥. ពលករទេសន្តរប្រវេសន៍,ទី៦. ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ, ទី៧.កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម, ទី៨.ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ១,៥លាននាក់, ទី៩.ការលើកកម្ពស់យេនឌ័រដល់កម្មករនិយោជិតជាស្ត្រីតាមគោលការណ៍សមធម៌,និង ទី១០.ការពង្រឹងយន្តការត្រីភាគី។
ចំពោះលោករដ្ឋមន្ត្រី អនុសាសន៍១០ចំណុចនឹងធ្វើឱ្យប្រសើរឡើងនៅវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ។
មុននឹងបញ្ចប់លោករដ្ឋមន្ត្រី រំពឹងទុកថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងឈរលើការពិភាក្សាដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ១០លាននាក់នៅកម្ពុជាជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូលក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល៕