ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យមើលជាតិស្ករនៅក្នុងឈាម។
នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី ទិវាជំងឺទឹកនោមផ្អែមពិភព លោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)នាថ្ងៃ២០ វិច្ឆិកា។
លោករដ្ឋមន្រ្តីបានផ្ញើសារលើកទឹកចិត្តទៅកាន់ប្រជាពលរដ្ឋឲ្យទៅរកជាតិស្ករនេះ ដើម្បីបង្ការ
ជំងឺទឹកនោមផ្អែម ពីព្រោះជំងឺទឹកនោមផ្អែមនៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គលគ្រួសារ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅពិនិត្យសុខភាពនៅកន្លែងដែល មានផ្តល់សេវាសុខាភិបាល។ ការពិនិត្យ និងព្យាបាលដែលនៅជិតបំផុតដើម្បីបង្ការ ឬព្យាបាលឲ្យទាន់ពេលវេលា។
រដ្ឋមន្រ្តីបានឲ្យដឹងទៀតថា នៅកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់៩.៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅកម្ពុជាឆ្នាំ២០១៦)។
សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទំលាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទំលាប់មិនបានបញ្ចេញពលកម្ម ឫធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។ ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់ សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។ ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រឹតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។
ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវជម្រុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាពឲ្យកាន់តែប្រសើរឡើង។
សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏លើកទឹកចិត្តប្រជាពលរដ្ឋដែល ប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព
ឫមន្ទីរពេទ្យដែលនៅជិតបំផុត។
បើតាមអង្គការសុខភាពពិភពលោក (WHO) គឺនៅទូទាំងពិភពលោកជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន១.៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម៧០ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩៕