ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឆ្លើយតប ទៅក្រុមប្រឆាំងថា ការដាក់ចេញគោលដៅ នៅឆ្នាំ២០៥០ កម្ពុជាមានប្រាក់ចំណូលខ្ពស់នោះ គឺដើម្បីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ក៏ប្ដេជ្ញាសម្រេចឲ្យបានផងដែរ ។ ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅ ប្រទេសបានរិះគន់ ពីគោលនយោបាយ របស់សម្តេចក្នុង នាមជានាយករដ្ឋមន្រ្តីថ្មី ពិសេសត្រង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០ ។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ នាព្រឹកថ្ងៃទី២១ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ ពីមហិច្ឆតា នៃការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ ។ សម្ដេចបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែជាគោលដៅសំខាន់ ដើម្បីរុញប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្រាប់ចំណុចនេះសម្តេចតែងតែលើកឡើងជារឿយពីមហិច្ឆតាឲ្យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បើតាមសម្ដេចនៅតែមាន អ្នកសើចយំចំអកជានិច្ច ថា ជាការស្រមើលស្រម៉ៃ ហើយសម្តេចថា អ្នកខ្លះអានតែសៀវភៅ ក្នុងបន្ទបតូចមួយទេ តែចេញគំនិតខ្លួនគេ មកស្អីក៏ត្រូវដែរ ប៉ុន្តែរាល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ដាក់ចេញស្អីក៏ខុសដែរ ។ សម្តេចបន្តនិយាយថា អ្នកមនុស្សខ្លះទៀតថា ឡើងកាន់តំណែងប្រមាណជា៩០ថ្ងៃហើយ តែមិនឃើញលទ្ធផលអ្វីទេ តែសម្តេចថា ត្រឹម៩០ថ្ងៃ ឲ្យឃើញលទ្ធផលធំធេងម៉េចកើត? ព្រោះសូម្បីតែស្រ្តីពពោះ ក៏ត្រូវការពេលជាង៩ខែដែរ ។ សម្តេចគូសបញ្ជាក់ត្រឡប់ទៅវិញថា «អ្នកខ្លះគេថា រដ្ឋាភិបាលដាក់ស្អី២០៥០ ដេកស្រមើលស្រម៉ៃ ។ វាទាមទារ នូវការស្រម៉ៃ ការដាក់ទើសដៅ ដើម្បីយើងខំប្រឹង។ បើរដ្ឋាភិបាលមិនដាក់សូចនាករ២០៥០ ជាប្រទេសអ្នកមាន ដាក់ម៉ាល្មមទៅ ចឹងមិនបាច់ខំប្រឹង ។ តែយើង ត្រូវដាក់ឲ្យខ្ពស់ខំប្រឹង សម្រេចឲ្យបាន ដើម្បីផលប្រយោជន៍ឲ្យប្រជាជន យើងឲ្យបានកាន់តែច្រើន នេះជាអ្វីដែលយើងធ្វើ»។
សម្ដេចបន្ដថា អ្នកដែលថា រាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាព របស់រាជរដ្ឋាភិបាលទេដឹង? ចុះជួបកម្មករ និយោជិត មិនជួបតាមសុបិន្តទេ គឺជួបផ្ទាល់។ សម្ដេច បន្ថែមថា គោលនយោបាយចម្បង របស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាព ដែលដោយលំបាក របស់រាជរដ្ឋាភិបាលនីតិកាលចាស់ រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល នឹងជំរុញការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើន ពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីទទួលបានប្រាក់ចំណូល កាន់តែខ្ពស់ប្រសើរជាងបច្ចុប្បន្ននេះ ថែមទៀត ៕