ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល​​ ជាមួយក្រុមកីឡាករបាល់ទាត់ មុនពេលចេញ ទៅប្រកួតផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានជួបសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តកំពង់ចាម មុនពេលចេញទៅ ប្រកួតផ្ដាច់ព្រ័ត្រ យកជ័យលាភីលេខ ១ និងលេខ ២ ដណ្ដើមពានរង្វាន់សម្ដេចតេជោ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខនេះ ។

ក្នុងឱកាសសំណេះ សំណាលនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ជាមួយនឹងការ អបអរសាទរ នូវជ័យលាភី ដែលកីឡាករយើងបានខិតខំប្រឹងប្រែង កន្លងមកនេះ លោក សូមសម្ដែងនូវការកោតសរសើរ នូវការខិតខំប្រឹងប្រែង របស់ក្រុមកីឡាករ កីឡាការិនីទាំងអស់ រួមទាំងគ្រូបង្វឹក អ្នកគ្រប់គ្រងក្រុម ក៏ដូចជាក្រុមគ្រូពេទ្យ ដែលបានចុះជាប់ជាប្រចាំ ធ្វើឲ្យក្រុមកីឡាកររបស់យើងមានឆន្ទៈមោះមុត និងឈានដល់ ដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់ ដែលនៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ ជាមួយក្រុមកីឡាករបាល់ទាត់ខេត្តត្បូងឃ្មុំ ដើម្បីដណ្ដើមយកជ័យលាភីលេខ ១ និងលេខ ២ ។

លោកអភិបាលខេត្ត ក៏បានប្រាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមឱ្យមានការខិតខំប្រឹងប្រែង ឲ្យអស់លទ្ធភាព ក្នុងការសហការសាមគ្គីគ្នា ទាំងបច្ចេកទេស និងការគ្រប់គ្រងបាល់ ដើម្បីដណ្ដើមយក ជ័យលាភីលេខ ១ នាំមកនូវភាពជោគជ័យ និងកិត្តិយស ជូនដល់ខេត្តកំពង់ចាម របស់យើង។

ក្នុងឱកាសនោះដែរ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម លោក លី ម៉េងសាន បានលើកឡើងថា កន្លងមក លោកអភិបាលខេត្ត តែងតែបានឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាករយើងជាប្រចាំ ។ ដូច្នេះក្រុមកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្ដើមជ័យលាភី នាំមកនូវកិត្តិយសជូនខេត្តកំពង់ចាមរបស់យើង ។

ក្នុងនាមជាអ្នកដឹក នាំក្រុមកីឡាករ ទៅប្រកួតនេះ លោក លី ម៉េងសាន ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ លោកអភិបាលខេត្ត ដែលតែងតែជួយផ្ដល់នូវអនុសាសន៍ និងឧបត្ថម្ភគាំទ្រ ដល់ក្រុមកីឡាកររបស់យើងច្រៀងរហូតមក ៕

To Top