ភ្នំពេញ ៖ នាឱកាសអញ្ជើញ ចូលជួបសម្ដែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបេ្តជ្ញាចិត្ត នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបន្ដថា ជាពិសេសពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៣គឺ៖ ១.វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ២.ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែខ្លាំងក្លាថែមទៀត ។ ៣.ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅប្រទេសកម្ពុជា។ ក្រៅនេះ លោកនឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរផងដែរ។
ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ប្រធានព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ព្រមទាំងនឹងខិតខំជំរុញបន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីនាំមកនូវគុណប្រយោជន៍ ដល់ប្រជាជនទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏ដូចជាព្រឹទ្ធសភា បានត្រៀមលក្ខណៈបន្តកិច្ចសហប្រតិបត្តិ ការដ៏ជិតស្និតនេះ ជាមួយឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕
