ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានសង្ឃឹមថា ស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងបងប្អូនរវាងកម្ពុជា-ឡាវ និងទំហំពាណិជ្ជកម្មប្រទេសទំាងពីរកាន់តែរីកចម្រើន។
សម្តេច ឃួន សុដារី លើកឡើងបែបនេះ នាឱកាសបានអនុញ្ញាតជូន លោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ វិច្ឆិកា ។
ក្នុងឱកាសនោះ សម្តេច និងលោក បួកែវ ភុំវង្សសាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណី និងជាបងប្អូន នៃប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ ដូច្នេះក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំនិងពលរដ្ឋ ទំាងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះ ស្ថិតស្ថេរជានិច្ចនិរន្តរ៍ ។
សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ ដោយឃើញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាល បាននាំមកនូវផល ប្រយោជន៍ ជូនប្រជាពលរដ្ឋជាច្រើន ។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរបានកើនដល់ ២១០លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រោមចំណងមិត្តភាព ភាពជាដៃគូរយុទ្ធសាស្រ្តយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ដែលមានគោលនយោបាយច្បាស់លាស់ ត្រូវអនុវត្តទៀតនោះ នឹងនាំមកនូវសមិទ្ធផលថ្មីៗ ជាច្រើនទៀត នាពេលខាងមុខ ស្របពេលបច្ចុប្បន្នក្រុមហ៊ុន របស់កម្ពុជាចំនួន៣៥ កំពុងវិនិយោគនៅឡាវ ។
ជាមួយគ្នានេះ លោក បួកែវ ភុំវង្សសាយ បានអបសារទរចំពោះការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត មានឆន្ទៈមុះមុតនិងស្វាហាប់ក្នុងការនាំកម្ពុជាប្រែក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបេសកកម្មការទូតនៅកម្ពុជា លោក នឹងខិតខំធ្វើជាស្ពានក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី បងប្អូននេះទទួលបានជោគជ័យថែមទៀត៕