ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបឋកថាភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីក្រោមឱវាទ «វគ្គទី៧»

ភ្នំពេញ ៖ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២១ វិច្ឆិកា បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាjអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៧ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨២១នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ។

គោលបំណងនៃការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលលើផ្នែក ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ និងដើម្បីគាំទ្រកំណែទម្រង់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ខ្លឹមសារបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ បានផ្តោតទៅលើគន្លឹះសំខាន់៤រួមមាន៖
១) ការពន្យល់អំពីហេតុអ្វីបានជាការបង្កើតឱ្យមានសិទ្ធិអំណាចត្រឹមត្រូវច្បាស់លាស់ និងសមស្រប គឺជាតម្រូវការចាំបាច់សម្រាប់ការធ្វើឲ្យមានការផ្លាស់ប្តូរធ្វើឲ្យកាន់តែប្រសើរ។

២) ការទទួលសិទ្ធិអំណាច ត្រូវការនៅកម្រិតខុសៗគ្នានៅក្នុងស្ថាប័នមួយ និងមាននៅគ្រប់ផ្នែក ឬនាយកដ្ឋានផ្សេងៗគ្នាជាច្រើន សម្រាប់ពេលវេលាវែងឆ្ងាយ។ ការទទួលសិទ្ធិអំណាចនេះរួមមានទាំងប្រភពផ្លូវការ និងប្រភពមិនផ្លូវការ។

៣) ការកំណត់ចេញនូវយុទ្ធសាស្រ្តសក្តានុពលមួយ ដើម្បីធានាថាកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់សំដៅភាពប្រសើរ ពិតជាមានសិទ្ធិអំណាចដែលច្បាស់លាស់ និងសមស្រប។

៤) ការកំណត់បាននូវបុគ្គលផ្សេងៗដែលជាធនធាន ទាំងនៅក្រៅរង្វង់អ្នកមានសិទ្ធិអំណាច ដើម្បីចូលរួមចំណែកក្នុងការគាំទ្រចាំបាច់សម្រាប់ភាពជោគជ័យ។

បន្ថែមពីនេះ ក៏មានការចូលរួមចង្អុលបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះអំពីការរៀបចំ និងការអនុវត្តដំណើរការដំណោះស្រាយបញ្ហាជំហានដំបូងៗ ផងដែរ៕

To Top