ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យកម្មករ-និយោជិត ឈប់សម្រាកចំនួន៣ថ្ងៃ ដោយមានប្រាក់ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ដោយគិតចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នាពេលថ្មីៗនេះ បានប្រាប់ ទៅនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឲ្យកម្មករឈប់ សម្រាក ដោយមានប្រាក់ឈ្នួល ។ ចំពោះសហគ្រាស គ្រឹះស្ថានណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់ សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករ-និយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយ នាំឲ្យខូចប្រយោជន៍ ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឲ្យកម្មករ-និយោជិត បានឈប់សម្រាក ទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា ។
សម្រាប់កម្មករដែលធ្វើការ នាថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬ នាយក សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ-និយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់ សម្រាកតាមកាលបរិច្ឆេទនីមួយៗ ខាងលើ និងរក្សាទុកជាប្រចាំ សម្រាប់ការត្រួតពិនិត្យ របស់អធិការការងារ៕