ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជាវាគ្មិនកិត្តិយសធ្វើបាឋកថាចែករំលែកចំណេះដឹងល្អៗ និងបទពិសោធន៍ដ៏ប៉ិនប្រសប់ទាក់ទង់នឹងការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំសាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិតសភានគរបាលកម្ពុជា។
ការអញ្ជើញរដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រមាណ១៧រូប ចូលជួបសាស្ត្រាចារ្យ ឈាង រ៉ា នាថ្ងៃ២២ វិច្ឆិកា ។
សាស្ត្រាចារ្យ ឈាង រ៉ា ស្វាគមន៍នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ហើយសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍អំពីការដឹកនាំស្ថាប័ន ជូនដល់គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។
ចំពោះនាយឧត្តមសេនីយ៍មានមោទកភាព និងកោតសរសើរយ៉ាងក្រៃលែងក្នុងការដឹកនាំរបស់សាស្ត្រាចារ្យរដ្ឋមន្ត្រី លើវិស័យសុខាភិបាលក្នុងអាណត្តិទី៧ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងគុណភាពសុខាភិបាល ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ និងលើកកម្ពស់សុខភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា។
សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រីវិញក៏បានថ្លែងអំណរគុណដល់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេសនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕










