ព័ត៌មានជាតិ

ចិន ជឿជាក់ថា ពេលអនាគត កម្ពុជា នឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត បន្ទាប់ពីបង្កើតរដ្ឋាភិបាលថ្មី

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ វិច្ឆិកា លោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានជឿជាក់ថា នាពេលអនាគត កម្ពុជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ លោកស្រី សិន យេយេ បានអបអរសាទរចំពោះកម្ពុជា ទទួលជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ និងបានបង្កើតរដ្ឋសភានីតិកាលថ្មី និងរាជរដ្ឋាភិបាលថ្មីដោយរលូន។ លោកស្រីជឿជាក់ថា «នាពេលអនាគតប្រទេសកម្ពុជា នឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត ក្នុងការកសាង និងអភិវឌ្ឍប្រទេស ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា»។

លោក ស៊ឹម កា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជា។

លោកបញ្ជាក់ថា កម្ពុជា-ចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ ហើយជាគំរូទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ កម្ពុជាបន្តគាំទ្រក្របខណ្ឌ និងយន្តការកិច្ចសហប្រតិបតិ្តការអន្តរជាតិ និងគំនិតផ្តួចផ្តើមនានារបស់ចិនដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឲ្យការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។ កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ»។

ជាមួយគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនគ្នាលើបញ្ហាទ្វេភាគី និងកង្វល់រួមរបស់ប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រហូតត្រូវបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងត្រូវបានប្រសិទ្ធនាមជា «មិត្តដែកថែប»។

ភាគីទាំងពីរ អបអរសាទរចំពោះឆ្នាំ២០២៣នេះ ដែលជាឆ្នាំខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជា ”ឆ្នាំមិត្តភាពចិន-កម្ពុជា” ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការជំរុញការ កសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីក្រោម “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដោយផ្តោតវិស័យអាទិភាពចំនួន៦៖ ១.នយោបាយ, ២.គុណភាព និងសមត្ថភាពផលិតកម្ម, ៣.កសិកម្ម, ៤,ថាមពល, ៥. សន្តិសុខ, និង ៦.ការផ្លាស់ប្តូរប្រជាជននិងប្រជាជន៕

To Top