ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តែផ្តាំដល់ចំណុះទូក នៃរាជធានីភ្នំពេញទាំងអស់ ត្រូវព្រមទទួលយកលទ្ធផល ទោះចាញ់ឬឈ្នះក៏ដោយ មិនត្រូវគុំគួន ហើយប្រើហិង្សាដាក់គ្នា លើគូប្រកួតប្រណាំងទូកនោះទេ ព្រោះព្រះរាជពិធីបុណ្យអុំទូក ប្រារព្ធឡើង ដើម្បីរំលឹកពីវីរៈភាពកងទ័ពជើងទឹកខ្មែរ នាសម័យបុរាណ ដែលមានភាពអង់អាច និងសាមគ្គីភាពគ្នា កម្ចាត់សត្រូវ ។
ការផ្តាំផ្ញើខាងលើនេះ ធ្វើឡើងក្នុងឱកាសរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង និងលោកស្រីអញ្ជើញប្រារព្ធពិធី បួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៣ វិច្ជិកា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។
លោក ឃួង ស្រេងលើកឡើងថា “ខ្ញុំសូមផ្តាំផ្ញើកីឡាករ កីឡាការិនីដែលអត់មានថា ចាញ់ទូក នៅមនុស្សទេណា កន្លែងនេះសូមឲ្យដឹង ឲ្យជ្រាបឲ្យច្បាស់ ។ ព្រះរាជពិធីបុណ្យរំលឹក ដល់គុណកងទ័ពជើងទឹករបស់យើង ដែលធ្វើពលីកម្ម ដើម្បីការពារបូរណភាពទឹកដី ពីបុរេប្រវត្តិមក មិនមែនមកប្រកួត ប្រជែងគ្នាឯងទេ តែដោយយើងរំលឹកបុណ្យនេះ ដើម្បីឲ្យដឹង ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយដឹងថា ពីដើមកងទ័ពជើងទឹកយើងខ្លាំងខ្លាណាស់ បានជាយើងរៀបចំពិធីបុណ្យអុំទូកនេះឡើង ដើម្បីរំលឹកពួកគាត់ ដែលការពារមហានគរជំនាន់នោះ” ។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា “មិនមែនថា ចាញ់ទូកនៅមនុស្ស ទៅដល់កន្លែងស្នាក់នៅ លេងគ្នានឹងច្រវ៉ានៅហ្នឹងអីអត់ទេ ។ ចឹងសូមឲ្យច្បាស់កន្លែងនេះ ចាញ់ ក៏ចាញ់ ឆ្នាំក្រោយហាត់ទៀត ហាត់ដល់បានឈ្នះ” ។
ជាមួយគ្នានោះលោកក៏បានដាស់តឿន ដល់ចំណុះទូក ត្រូវថ្នមខ្លួន ដូចជារបបអាហារ និងតមបរិភោបគ្រឿងស្រវឹង នាំឲ្យបាក់កម្លាំង និងត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ។ ជាងនេះទៅទៀត ត្រូវជៀសឲ្យផុតពីសារធាតុញៀន និងឱសថជំនួយកម្លាំងជាដាច់ខាត ។
លោក ឃួង ស្រេង លើកឡើងថា “ការរៀបចំពិធីនេះ គឺបង្ហាញអំពីការសាមគ្គីភាព រវាងកងទ័ពជើងទឹកនៅពេលសម័យនោះ ចំពោះសត្រូវទេ មិនមែនគ្នាឯងទេ ។ ចឹងគ្នាយើងនេះ គឺជាការរៀបចំព្រះរាជពិធីទេ ។ ចឹងសូមឲ្យបងប្អូនទាំងអស់ យល់ឲ្យច្បាស់ពីបញ្ហានេះ ចាញ់ក៏ចាញ់ចុះ ចាញ់ឲ្យមានសេចក្តីថ្លៃថ្នូ” ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ មានទូក ង ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ចំនួន៤៤ទូក ក្នុងនោះទូកអុំអន្តរជាតិ ចំនួន១២ទូក ទូកអុំបុរស មានចំនួន២៥ទូក និងទូកចែវចំនួន៧ទូក៕