ព័ត៌មានជាតិ

WB ផ្ដល់១៦៣លានដុល្លារ សម្រាប់ជួយកម្ពុជា ពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

ភ្នំពេញ ៖ ធនាគារពិភពលោក(WB) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួន៤។

ខេត្តទាំង៤រួមមាន ៖ បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង កណ្តាល៕

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ថ្វីត្បិតកម្ពុជា មានវឌ្ឍនភាពច្រើន នៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ គួរឲ្យកត់សម្គាល់ក៏ពិតមែន នៅតែមានកិច្ចខិតខំ ដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០ ។ គិតត្រឹមឆ្នាំ២០២២ មានមិនដល់មួយភាគបី នៃប្រជាជនកម្ពុជាផងទេ ដែលមានលទ្ធភាពទទួល បានការផ្គត់ផ្គង់ទឹក ដែលមានការគ្រប់គ្រងដោយសុវត្ថិភាព ហើយមានលើសមួយភាគបីបន្តិចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់ សេវាអនាម័យដែលមានការគ្រប់គ្រង់បានល្អ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជាថ្លែងថា «កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ»

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ ដែលមានរយៈពេល៦ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។

គម្រោងនេះ មានសកម្មភាពមួយ សម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុ ឲ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករ ផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែក ជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធាន ចំនួនប្រមាណប្រហែល ១៧.៦លានដុល្លារបន្ថែមទៀតពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា «ការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និងសម្រាប់ការពង្រឹងសេដ្ឋកិច្ច។ គម្រោងនេះនឹងជួយរដ្ឋាភិបាលក្នុងការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ រួមរបស់ខ្លួន ហើយយើងប្តេជ្ញាថា និងធានាឲ្យមានកំណើនប្រកបដោយចីរភាព នៅក្នុងវិស័យនេះ ក៏ដូចជាក្នុងការឈាន ទៅសម្រេចគោលដៅ SDG 6 ឲ្យបានផងដែរ»។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្លាំង ទៅលើការគ្រប់គ្រងសំណល់ទឹកកខ្វក់ និង ភក់សំណល់បង្គន់ ដូច្នេះ ការវិនិយោគទៅលើប្រព័ន្ធអនាម័យក្រោមគម្រោងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ធានាឲ្យបាននូវនិរន្តរភាព របស់សេវាអនាម័យ ដែលនឹងធ្វើឱ្យវិស័យនេះមានការវិវឌ្ឍ ប្រែប្រួលជាវិជ្ជមានទៅថ្ងៃមុខ» ៕

To Top