ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្រៅពីបានអបអរសាទរចំពោះបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ (បាក់ឌុប) ឆ្នាំ២០២៣ ហើយ សម្តេចក៏បានប្រាប់ថា ចំពោះបេក្ខជនទទួលបានលទ្ធផលមិនល្អ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អបអរសាទរប្អូនៗ និងក្មួយៗ ទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣»។
សម្ដេចតេជោបន្ដថា ជាមួយគ្នានេះ សម្រាប់បេក្ខជនដែលទទួលបានលទ្ធផលមិនល្អ កុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងនាឆ្នាំក្រោយ ឬអាចនឹងចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីនឹងបន្តអភិវឌ្ឍសិក្សាជំនាញអាជីពសម្រាប់អនាគតដ៏ភ្លឺស្វាងនៅពេលខាងមុខ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថាលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។
សូមបញ្ជាក់ថា ការរប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។ បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)៕