ព័ត៌មានជាតិ

ប្រធានសមាគមសណ្ឋាគារកម្ពុជា លើកទឹកចិត្ត យុវជនចូលរួមហាត់ការដើម្បី ទទួលបានបទពិសោធន៍ការងារ

ភ្នំពេញ៖ ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ឋ បានលើកទឹកចិត្តដល់យុវជនចូលរួមហាត់ការតាមបណ្តាក្រុមហ៊ុន សហគ្រាស ក្នុងគោលបំណងដើម្បីទទួលបានបទពិសោធជាក់ស្តែងទាំងចំណេះដឹង និងចំណេះធ្វើមុននឹងឈានឆ្ពោះទទួលបានការងារធ្វើនាពេលអនាគត។

ការលើកទឹកចិត្តរបស់លោកយ៉ាងដូច្នេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដាក់អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥ លាន នាក់ ហើយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក៏បានជំរុញក្រុមហ៊ុន សហគ្រាស សមាគមក្នុងការផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលនឹងចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។

លោក ឌិន សុមេធារិទ្ឋ បានលើកឡើងថា ការហាត់ការគឺមានសារៈសំខាន់ណាស់ទាំងចំណេះដឹង និង ចំណេះធ្វើ ដើម្បីឈានទៅរកការងារជាក់ស្តែងឲ្យពួកគាត់យល់ចំពោះការអនុវត្តការងារផ្ទាល់។

ជាមួយគ្នានេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា សមាគមដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា
( MoU) ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការផ្តល់ឱកាសដល់ប្អូនៗដែលបានរៀនសូត្រក្នុងកម្មវិធីនេះដើម្បីបញ្ចេញសមត្ថភាពឲ្យក្រុមហ៊ុនទាំងអស់នោះបានស្គាល់សមត្ថភាព ចំណេះជំនាញពួកគេ។

លោកមានប្រសាសន៍ថា៖ « ការផ្តល់ឱកាសឲ្យគាត់ហាត់ការហ្នឹង ជាពេលវេលាមួយដល់ល្អសម្រាប់ឲ្យភាគីទាំងពីរបានយល់ចិត្តគ្នា បានស្គាល់គ្នា ពិសេសបានផ្តល់ឱកាសការងារឲ្យអ្នកហាត់ការហ្នឹងទទួលបានចំណេះដឹង ចំណេះធ្វើ ឲ្យពួកគាតអនុវត្តផ្ទាល់ តើការងារក្តៅ ត្រជាក់យ៉ាងណាចំពោះការអនុវត្តជាក់ស្តែង»។

បន្ថែមលើសនេះ លោក សុមេធារិទ្ឋក៏បានគាំទ្រប្រសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវគោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ដោយផ្តោតសំខាន់លើគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ក្នុងគោលបំណងដើម្បីឲ្យកម្មវិធីនេះទទួលបានប្រសិទ្ឋភាព។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រសួងការងារ និង បណ្តុះណ្តាលវិជ្ជាជីវៈបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ក្រសួងការងារ និង បណ្តុះណ្តាលវិជ្ជាជីវៈក៏បានចាត់ទុកថានេះជាកិច្ចសហប្រតិបត្តិការបើកផ្លូវដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការចូលរួមចំណែក ជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា និងអាចឱ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានាជ្រើសរើសក្នុងចំណោមអ្នកហាត់ការដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ ធ្វើជាកម្មករនិយោជិត និងបុគ្គលិករបស់ខ្លួនតែម្តង៕

To Top