ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅ លោក ជូអុក លី សមាជិកនៃគណៈកម្មាធិការ ប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅវិមានសន្តិភាពថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តគាំទ្រ ចំពោះកិច្ចប្រជុំនានា របស់ WEF ដូចរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិមុនៗដែរ ។
នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី នាថ្ងៃទី២៣វិច្ឆិកានេះ លោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការ ប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឲ្យដឹងថា “លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF តែងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើង អំពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានា លើសកលលោក” ។
ជាមួយគ្នានេះ លោក ជូអុក លី ក៏បានលើកឡើង ពីកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ» ដោយបែងចែងជា ៤ សសរស្តម្ភ រួមមាន៖ (១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅ ក្នុងពិភពលោកដែលបាក់បែក (២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារ សម្រាប់យុគសម័យថ្មី (៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង (៤) ការដាក់ចេញនូវយុទ្ធសាស្រ្ត រយៈពេលវែង សម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះករ របស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោកផងដែរ ។
ក្នុងនោះ សម្តេចធិបតី អរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង WEF ក្នុងរយៈកាលកន្លងមកនេះ រួមទាំងការសហការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ The World Economic Forum (WEF) on ASEAN ក្នុងឆ្នាំ២០១៧ នៅកម្ពុជា ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ WEF ដែលជាវេទិកាមួយដ៏សកម្ម សម្រាប់កិច្ចទំនាក់ទំនង ទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញ នូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗ របស់រដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យធុរកិច្ច និងវិនិយោគ ជាដើម ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់ អំពីការបន្តគាំទ្រ ចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិមុនៗផងដែរ៕