ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្ទុះប្រតិកម្មជាខ្លាំង ចំពោះក្រុមហ៊ុន ដែលទទួលកាត់ឬគាស់ និងកាយចំណីផ្លូវ ឬកាត់ទទឹងផ្លូវ សម្រាប់បម្រើដល់សេវាកម្មរបស់ខ្លួន លើផ្លូវសារធារណៈ ហើយសាងសង់មិនបានដូចដើម ត្រូវប្រញ៉ាប់មកជួសជុលឡើងវិញជាបន្ទាន់ ពុំដូច្នេះទេនឹងចាត់វិធានការតែម្តង ។

ប្រតិកម្មរបស់លោកអភិបាលខេត្តព្រះសីហនុ បែបនេះ បន្ទាប់ពីលោក បានប្រទះឃើញ ផ្លូវសាធារណៈរងការខូចខាត ដោយសារការគាស់ ឬកាត់កាយ របស់ក្រុមហ៊ុនឯកជនមួយចំនួន ដែលមិនបានបំពេញកាត្វកិច្ចជួសជុល ឲ្យមានគុណភាពដូចដើមឡើងវិញ។ នេះបើយោងតាមសារលើកឡើង របស់លោកអភិបាលខេត្តលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ វិច្ឆិកានេះ ។

លោក គួច ចំរើន បានបញ្ជាក់ថា “បុគ្គល ឬ ក្រុមហ៊ុន ដែលបានកាត់ថ្នល់ សូមប្រញ៉ាប់មកធ្វើការជួសជុល អោយមានគុណភាពដូចដើម ពេលមកសុំ សន្យាច្បាស់ណាស់ បែបនេះទទួលមិនបានទេ សុំលើកក្រោយលំបាកបន្តិចហើយ បើមិនឆាប់មកជួសជុលទេ ខ្ញុំចាត់វិធានការណ៍ហើយ សូមកុំអោយមានអ្នកមកអន្តរាគមន៍” ៕



