ព័ត៌មានជាតិ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យពិភាក្សាសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ CDC

រូបភាពពី៖​ ទីស្តីការគណៈរដ្ឋមន្ត្រី

 
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្តីការគណៈរដ្ឋមន្រ្តី ។

កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងមកពីក្រសួងស្ថាប័ននានា។

សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រុម CDC មាន ៨ ជំពូក និង ២៤មាត្រា ដែលរៀបចំ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះតំណាងក្រសួងស្ថាប័ននានា ដែលបានរួមចូលលើកិច្ចពិភាក្សា និងបានផ្ដល់ជាមតិល្អៗ ដើម្បីឲ្យសេចក្តី ព្រាងព្រះរាជក្រឹត្យនេះ កាន់តែមានគុណភាព ប្រសិទ្ធភាព និងសង្គតិភាព ព្រមទាំង អាច ឆ្លើយតបបាន ទៅ នឹងសំណូមពរការងារ ដើម្បីជំរុញការទាក់ទាញ និងលើកកម្ពស់ការវិនិយោគ សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/២០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជា សេនាធិការ និងជាច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕
 

To Top