ភ្នំពេញ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មីប្រចាំខេត្តព្រះសីហនុ បានស្នើសុំ ឱ្យជួយជំរុញការសាងសង់មន្ទីរពេទ្យ តំបន់នៅខេត្តព្រះសីហនុ ជាពិសេសជំរុញការសាងសង់ កំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលមានប្រវែងជាង២០គីឡូម៉ែត្រ។
ការស្នើសុំនេះ ធ្វើឡើងក្នុងពេលដែលលោកអភិបាលខេត្ត អនុញ្ញាតឱ្យលោក Fan Manjiang ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាការឆ្លើយតបទៅនឹងសំណើរនេះ លោក Fan Manjiang និងសន្យាពាំនាំសំណូមពររបស់លោក គួច ចំរើន ទៅស្ថានទូតចិន និងរដ្ឋាភិបាលចិន ដើម្បីជំរុញការហោះហើរត្រង់ ក៏ដូចជាការកសាងមន្ទីរពេទ្យ និងសាងសង់ជួសជុលផ្លូវជាតិលេខ៣ និងគាំទ្រអ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ។
សូមរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ក្នុងនោះ ២០គីឡូម៉ែត្រ ( វាលរេញ-ត្រពាំងរពៅ ) រងការខូចខាតជាប្រចាំ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។ តាមរយៈការសិក្សាបានបង្ហាញថា គម្រោងអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ៖
ផ្នែកទី១: ផ្អែកលើការសិក្សា ស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្រ្ត ផ្នែក១៥គីឡូម៉ែត្រមានស្ថានភាព គ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និង តម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ។ (៣០លានដុល្លា ក្នុង១៥គីឡូម៉ែត)
ផ្នែកទី២: ផ្នែក៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ។ (៣០លានដុល្លា ក្នុង៥គីឡូម៉ែត)៕