សៀមរាប ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួង ធនធានធម្មជាតិ និងបរិស្ថានឡាវ ដោយមានការចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃភាគីទាំងពីរ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណជូនចំពោះលោកស្រី និងគណៈប្រតិភូក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការ ទន្លេមេគង្គ លើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយ ប្រទេសដៃគូ អភិវឌ្ឍន៍លើកទី២៨ នៅកម្ពុជា ។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការ យ៉ាងពេញលេញ របស់ភាគីឡាវ ក្នុងអាណត្តិកម្ពុជា ធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ២០២៣នេះ ដោយសម្រេចបានជោគជ័យ និងនាំមកនូវសមិទ្ធផលធំៗ បន្ថែមទៀត សម្រាប់គណៈកម្មការទន្លេមេគង្គ ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ឡាវ និងកម្ពុជា ជាបងប្អូន និងជាប្រទេសជិតខាងល្អនឹងគ្នា តាំងពីយូរមកហើយ ។ ប្រទេសទាំងពីរ ស្ថិតក្នុងអាងទន្លេមេគង្គរួមគ្នា ដោយធ្វើការរួមគ្នា និងធ្វើកិច្ចសហការជាមួយប្រទេសផ្សេងទៀតនៅតាមដងទន្លេ ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់មេគង្គ ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ ពីបញ្ហាប្រឈមដែលបាននិងកំពុងតែកើតមានឡើងនៅក្នុងអាងទន្លេមេគង្គ ដូចជា កំណើនប្រជាជន កំណើននៃការអភិវឌ្ឍ កំណើននៃតម្រូវការទឹក ស្បៀង និងថាមពល និង ការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យប្រទេស ជាសមាជិកបង្កើនកិច្ចខិតខំប្រឹងប្រែង រួមគ្នា និងកិច្ចសហប្រតិបត្តិការល្អ ថែមទៀត។

លោករដ្ឋមន្ត្រី បានថ្លែងនូវការសាទរ ចំពោះភាគីឡាវ ដែលបានរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ បានដោយជោគជ័យ កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ និង បានចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទ ដោយបានដាក់ចេញ នូវទិសដៅជាយុទ្ធសាស្ត្រ សម្រាប់បណ្តាប្រទេសក្នុងអាងរួមគ្នា ដោះស្រាយបញ្ហាប្រឈម ដែលទន្លេមេគង្គជួបប្រទះ និងរួមគ្នាធ្វើឱ្យអាងទន្លេមេគង្គមានសន្តិសុខទឹក និងមានចីរភាព ព្រមទាំងផ្តល់ផលប្រយោជន៍ ជានិរន្តរ៍សម្រាប់បណ្តាប្រទេស និងប្រជាជនក្នុងអាងទន្លេ រួមទាំងប្រទេសឡាវ និងកម្ពុជា។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ ពីជំហររបស់កម្ពុជា ដើម្បីបន្តធ្វើការ ជាមួយប្រទេសឡាវ និងប្រទេសជា សមាជិកគណៈកម្មការ ទន្លេមេគង្គផ្សេងទៀត ក្នុងក្របខណ្ឌ ទន្លេមេគង្គតែមួយ ស្មារតីមេគង្គតែមួយ ដើម្បីធានា នូវការអនុវត្តប្រកប ដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍ ក្រុងវៀងចន្ទ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ របស់គណៈកម្មការទន្លេមេគង្គ ឆ្ពោះទៅសម្រេចបាន នូវលទ្ធផលដែលជាបំណងប្រាថ្នារួមគ្នា។

ជំនួបពិភាក្សាទ្វេភាគី បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងមេត្រីភាព ដោយភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈ ដើម្បីជំរុញគម្រោង សហប្រតិបត្តិការនានា ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ឱ្យចេញជារូបរាង និងសម្រេចបានលទ្ធផល ជាមួយការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា ឡាវ ជាពិសេសរវាងក្រសួង និងក្រសួងឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ៕






