ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ជំរុញក្រុមហ៊ុនដឹកជញ្ជូន ត្រូវណែនាំអ្នកបើកបរ ឱ្យគោរពច្បាប់ចរាចរណ៍

ភ្នំពេញ ៖ ខណៈការដឹកជញ្ជូនទំនិញផ្សេងៗ និងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើង ហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ នៅមានកម្រិតនៅឡើយ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានជំរុញក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារ នៅរាជធានីភ្នំពេញ ធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់។

នៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា «ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង ដើម្បីប្រញាប់ដឹកទំនិញ ឬម្ហូបអាហារឱ្យទាន់តាមការកម្មង់របស់អតិថិជននោះឡើយ»។

នាយឧត្តមសេនីយ៍ ស ថេត បានបន្តទៀតថា បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់៣ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ឱ្យកាន់មានតែប្រសិទ្ធភាពបន្ថែមទៀតនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់ការណែនាំដល់ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដូចជា៖
-ឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឱ្យរៀបចំឯកសារគោលមួយដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដាមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ។

-ជំរុញឱ្យក្រុមហ៊ុនបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសីលធម៌ដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ ហើយអប់រំពួកគាត់មិនត្រូវដឹកអ្វីផ្សេង ក្រៅតែពីសេវាកម្មដឹកទំនិញ និងម្ហូបអាហារនោះឡើយ។

-ក្រុមហ៊ុន បន្តណែនាំដល់អ្នកបើកបរ ឱ្យបើកបរក្នុងលឿនកំណត់ កុំល្មើសភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ កុំបើកបរវាជែងគ្មានសណ្តាប់ធ្នាប់។

-កំណត់តម្រាយផ្លូវ និងនាទីនៃការដឹកទំនិញជូនអតិថិជនឱ្យបានច្បាស់លាស់ ដើម្បីជៀសវៀសការបើកបរលឿន និងនិយាយទូរស័ព្ទពេលកំពុងបើកបរ។

បន្ទាប់ពីស្តាប់ការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដែលបានចូលរួមនោះ បានប្តេជ្ញាចិត្តនឹងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរដឹកទំនិញរបស់ខ្លួនឱ្យបានល្អ ហើយនឹងកំណត់រយៈពេលទៀងទាត់ ក្នុងការអប់រំសីលធម៌ សុជីវធម៌ និងគោលការណ៍ផ្សេងៗដល់អ្នកបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមរំលឹកថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន៤៩២គ្រឿង ហើយកំណើនអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរាជធានីភ្នំពេញ អ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងរហូតដល់២លាន២សែនគ្រឿង ហើយរថយន្ត មានជាង៧០ម៉ឺនគ្រឿង៕

To Top