ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការងារ៖ គោលនយោបាយ បង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិត មានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថាគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។
លោករដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា មួយក្នុងចំណោមការងារអាទិភាពទាំង៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនៅក្នុងរយៈពេល២ឆ្នាំខាងមុខ គឺក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានសិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ។

លោកបានលើកឡើងថា ក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ច និងម្ចាស់សួនឧស្សាហកម្ម ម្ចាស់រោងចក្រ សហគ្រាស គិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើងដែលមានកូនតូច ពិសេសរយៈពេល ៣ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ។

ជាមួយគ្នានេះ លោកបានលើកឡើងថា បច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វកិច្ចបង្កើតឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ និងមើលថែបន្ទប់ទាំងអស់នោះ ក៏ដូចជាមើលថែទារកផងដែរ ដែលក៏ជាចំណាយមួយរបស់និយោជក ហើយការផ្តល់សេវានោះទៀតសោត ក៏មិនមែនជាការផ្ដល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍ ឬមត្តេយ្យ សហគមន៍ ដោយក្នុងនោះនិយោជកនឹងបង្វែរថវិកាដែលខ្លួនធ្លាប់តែប្រើសម្រាប់ដំណើរការបន្ទប់ថែទាំទារករបស់ខ្លួននេះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍នេះវិញ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖ « គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ និងទទួលបានកម្មវិធីអប់រំកុមារតូចតាំងពីបឋមវ័យ រហូតដល់កម្រិតបឋម ក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់»។

លោករដ្ឋមន្រ្តី​ សង្ឃឹមថាយ៉ាងមុតមាំថា កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតនឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់។ អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មកនិយោជិតដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិតផងដែរ។

សម្រាប់កម្មការិនីឈ្មោះ វ៉ា ស្ងួនបូរី បានគាំទ្រគោលនយោបាយនេះព្រោះការបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ នឹងបង្កលក្ខណៈងាយស្រួលដល់កម្មការិនីដែលមានកូនតូចបានធ្វើការពេញដៃពេញជើង។

កម្មការិនីរូបនេះនិយាយថា៖ « រាល់ថ្ងៃយើងត្រូវអស់ថ្លៃជួលផ្ទះ បើជួលអ្នកមើលកូនទៀតទប់ទល់អត់ការចំណាយអត់រួចទេ ចឹងភាគច្រើនកម្មករយើងផ្ញើកូនឲ្យម្តាយមើលនៅស្រុក ឬអ្នកជិតខាងជួយមើលថែ »៕

To Top