ព័ត៌មានជាតិ

អ្នកដំណើរបរទេស សរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់លើ សុវត្ថិភាពភ្ញៀវ

ភ្នំពេញ៖ លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ បានធ្វើការចែករំលែក ពី Feedback (មតិកែលម្អ)ដែលបានទទួលពីនាវាទេសចរណ៍ ដែលចូលសំចតនៅខេត្តព្រះសីហនុ ក្នុងខែនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

លោក Chaiyapruk Phum Muang បានលើកឡើងថា «នាវាទេសចរណ៍នីមួយៗបានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ ពីសុវត្ថិភាព របស់ភ្ញៀវទេសចរ។ អ្នកដំណើរមានអារម្មណ៍ថា មានសុវត្ថិភាព និងត្រូវបានថែរក្សាយ៉ាងល្អ ដែលបាន​បង្ហាញ​ថាក្រុង​ព្រះសីហនុ​ស្ថិតក្នុង​ពន្លឺ​វិជ្ជមាន។ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រដ្ឋបាលខេត្ត ហើយនិងធ្វើការងារជាមួយគ្នា នាពេលបន្តទៀត»។

ជាការកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿង បានចូលចតនៅក្នុងកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ និងបានដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ ចូលទេសចរណ៍ ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អ នៃវិស័យទេសចរណ៍ របស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩៕

To Top