ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

ក្នុងឱកាសចុះត្រួតពិនិត្យ ទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះ ចំនួនជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូក មានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ អធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះ បានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។

លោកអភិបាលរាជធានីភ្នំពេញ បានណែនំាដល់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ។

លោក ឃួង ស្រេង លើកឡើងថា “ខ្ញុំសូមឱ្យកងកម្លាំងយើងទាំងអស់ យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារកិច្ចរបស់យើង គឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេស មានទំនុកចិត្តនិងជឿជាក់ មកលើកងកម្លាំងរបស់យើង ជារៀងរហូតមក និងសូមយើងទាំងអស់គ្នា យកស្មារតីនិងទំនុកចិត្តរបស់ពួកគាត់នេះ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ការពារពួកគាត់ ឲ្យបានល្អប្រសើរ ទៅតាមទុកចិត្តរបស់ពួកគាត់ មកលើពួកយើង។ ហើយបងប្អូនកងកម្លាំងទាំងអស់ យកស្មារតីនេះ ទទួលខុសត្រូវ និងធ្វើកិច្ចការងារឲ្យចំជាកងកម្លាំង នៃព្រះរាជាណាចក្រកម្ពុជា”។

តាមការបញ្ជាក់ របស់ លោក ឃួង ស្រេង ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបានឧបត្ថម្ភ ថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ។ ជាងនេះទៅទៀត គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈ ក្នុងការរៀបចំទំនុកបម្រុងជាទឹក ដើម្បីជូនកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារកិច្ច ឲ្យកាន់តែប្រសើរ ៕








