ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ជោគជ័យ ព្រះរាជពិធីបុណ្យអុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើង យ៉ាងអធិកអធម និងបញ្ចប់ដោយជោគជ័យ គឺជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែតប្រមាណជា១០០ថ្ងៃមកនេះ ។

តាមរយៈសារតេឡេក្រាម របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃ២៨ វិច្ឆិកា លោក ប៉ែន បូណា បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស ជាច្រើនលាននាក់ បានចូលរួមកម្សាន្តសប្បាយ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមម្លប់សុខសន្តិភាពប្រកប ដោយក្តីសប្បាយរីករាយក្រៃលែង ក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូង សម្រាប់រាជរដ្ឋាភិបាល បន្តវេនអាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

បើតាមអ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះ មានអត្ថន័យច្រើនយ៉ាង ៖

ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំ ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានា នូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើង ដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះ ហើយដែលជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការកម្សាន្តសប្បាយ របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស។

ទី២៖ ភាពអធិកអធមរយៈពេល ៣ថ្ងៃនេះ គឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជា ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុក ជាច្រើនលាននាក់ បានចូលរួមធ្វើដំណើរកម្សាន្ត នៅគ្រប់ទិសទីជាពិសេស ក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះដែរ ក៏មានភ្ញៀវទេសចរបរទេស ជាច្រើនបានចូលរួម កម្សាន្តសប្បាយ ប្រកបដោយបេតិសោមនស្ស យ៉ាងក្រៃលែង ។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា មានភាពរស់រវើកឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ ។

ទី៣៖ ក្តីសប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរ គ្រប់ទីមជ្ឈដ្ឋាន សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលគណបក្ស ប្រជាជនកម្ពុជា តាំងពីសម័យសម្តេចតេជោ រហូតដល់រាជរដ្ឋាភិបាល បន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេស ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាង ឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយ រីករាយ មានស្នាមញញឹមប្រកប ដោយក្តីសង្ឃឹម ចំពោះជោគវាសនា អនាគតរបស់ខ្លួន។

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀត មិនអាចប្រកែកបាន របស់រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹក នាំប្រទេស ត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ ។ សមិទ្ធផលថ្មីនេះ នឹងត្រូវកត់ត្រាបន្ថែម ពីលើសមិទ្ធផល ជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានជូនជាតិមាតុភូមិនិង ប្រជាពលរដ្ឋខ្មែរ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន៕

To Top