ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាល មិនកសាងវារីអគ្គិសនី នៅលើដងទន្លេមេគង្គ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន

រូបភាពពី៖​ ម៉ៅ ដារ៉ាត

កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គនោះទេ ។ ការមិនសាងសងនេះ សម្តេចអះអាងថា ដើម្បីបញ្ចៀសការប៉ះពាល់ដល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ នាព្រឹកថ្ងៃ៣០ វិច្ឆិកា៣ សម្ដេចធិបតីមានប្រសាសន៍ថា រាល់គម្រោងវារីអគ្គិសនីនីមួយៗ គឺត្រូវប្រើប្រាស់ពេលវេលាយ៉ាងតិច២-៤ឆ្នាំ ដើម្បីសិក្សាពីផលប៉ះពាល់ រួមមាន៖ បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីថា ការសាងសង់វារីអគ្គិសនី តាមបណ្ដាយដងទន្លេមេង្គ នឹងមានផលប៉ះពាល់យ៉ាងច្រើនចំពោះបរិស្ថាន។

សម្ដេចគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏បានបន្ដនឹងអនុវត្តគោលការណ៍នេះ កាលពីអាណត្តិទី៦ សម្ដេចតេជោ ហ៊ុន សែន។ យើងនឹងមិនធ្វើវារីអគ្គិសនីដែលនៅលើផ្ទាល់ នៅលើដងទន្លេមេគង្គនោះទេ ទោះជាកន្លែងហ្នឹងមានអំណាយផល ក៏យើងនឹងមិនធ្វើដែរ ដើម្បីកុំឲ្យប៉ះពាល់ ទៅបរិស្ថានអេកូឡូស៊ី នៅតាមបណ្ដាយទន្លេមេង្គ និងទន្លេសាប។ រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងមិនកសាងអភិវឌ្ឍន៍វារីអគ្គិសនី តាមបណ្ដាយទន្លេមេង្គនោះទេ»។

ឆ្លៀតឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

To Top