ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវា ដើម្បីបម្រើការ ចុះបញ្ជីដីធ្លីឲ្យពលរដ្ឋ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំរដ្ឋបាលឃុំ-សង្កាត់ លើកលែងការបង់កម្រៃសេវា និងពន្លឿនការផ្តល់សេវារដ្ឋបាលមួយចំនួន ដើម្បីបម្រើឲ្យការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ។

តាមរយៈលិខិត របស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ យកការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវអនុវត្តឲ្យបានចប់សព្វគ្រប់ នៅទូទាំងប្រទេស ក្នុងគោលបំណងធានា កម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

ក្រសួងបន្ដថា ការចុះបញ្ជីដីធ្លីនេះ តម្រូវឲ្យប្រជាពលរដ្ឋ រៀបចំឯកសារភ្ជាប់មួយចំនួន ក្នុងនោះក៏មានឯកសារភ្ជាប់ ស្ថិតក្រោមសមត្ថកិច្ច ពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចជា ៖ ការធ្វើនីត្យានុកូលកម្ម លើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការចេញសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់ មរណភាព និងការចេញលិខិត បញ្ជាក់ទាយាទជាដើម។

ហេតុដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីនេះ ក្រសួងមហាផ្ទៃ ស្នើអភិបាលរាជធានី ខេត្ត អនុវត្តការងារមួយចំនួន ដូចខាងក្រោម ៖

១-ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន រៀបចំនិងដាក់ចេញដីកា ស្ដីពីការលើកលែង ការបង់កម្រៃសេវា សម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ។
២-ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឲ្យការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់តាំងក្រុមការងារចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ លើការអនុវត្តការងារនេះ ព្រមទាំងត្រូវធ្វើរបាយការណ៍ឱ្យបាន ជាក់លាក់ មកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ៕

To Top