ព័ត៌មានជាតិ

ពលរដ្ឋ៨២គ្រួសារ ក្នុងវេទិកាសាធារណៈ ខណ្ឌសែនសុខ ស្នើសុំអាជ្ញាធរ ពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌសែនសុខ មានពលរដ្ឋចំនួន ៨២គ្រួសារ ស្នើសុំអាជ្ញាធរ ពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងសុំដោះស្រាយបញ្ហាសំរាម ដែលចោលលើផ្លូវ បង្កឲ្យស្អុយប៉ះពាល់សុខភាព ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌសែនសុខ ធ្វើឡើងនៅវិមានពិភពថ្មីសែនសុខ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សា និង ជាតំណាងលោក ម៉ប់ សារិន ប្រធានប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវិមានពិភពថ្មី សែន សុខ ខណ្ឌសែន សុខ ។

វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណើរ សំណូមពរយ៉ាងផុលផុស ដោយសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ នូវទុក្ខកង្វល់របស់ពួគគាត់ ដូចជា ការស្នើសុំ ស្ថាបនាផ្លូវ លូ, សុំដាក់បង្គោលភ្លើង និងកាត់ខ្សែភ្លើងរញ៉េរញ៉ៃ, ស្នើសុំពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី ចំនួន៨២គ្រួសារ, សុំដោះស្រាយបញ្ហាសំរាម ដែលប្រជាពលរដ្ឋយកមក បោះចោលលើផ្លូវ បង្កឲ្យស្អុយប៉ះពាល់សុខភាព និងសុំជួយស្តារប្រឡាយ សុំកាត់មែកឈើ នៅក្នុងវិទ្យាល័យភ្នំពេញថ្មី ។

បន្ទាប់ពីពលរដ្ឋលើកឡើង សំណើខាងលើនេះ ត្រូវបានលោក កើត ឆែ ដោះស្រាយ ជូនប្រជាពលរដ្ឋភ្លាមៗតែម្តង ដោយក្នុងលោក កើត ឆែ បានលើកឡើងថា វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋ បានលើកឡើង ជាសំណើរ សំណូពរផ្ទាល់មាត់ចំនួន១២នាក់ និងសំណើជាលាយល័ក្ខអក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ ចំនួន៥៤សំបុត្រផងដែរ ។

លោកបញ្ជាក់ថា “ចំពោះសំណើទាំងអស់ អ្វីដែលដោះស្រាយបាន ដោះភ្លាមៗ ដូចជាស្តារប្រឡាយ លូ ធ្វើផ្លូវ យើងបានដាក់ ក្នុងគម្រោងហើយ ផ្លូវមួយចំនួនទៀត សុំមន្ត្រីជំនាញចុះសិក្សា ដើម្បីពិនិត្យលទ្ធភាពធ្វើជូន បញ្ចូលក្នុងគម្រោងអាទិភាព ប្រជុំដោះស្រាយភ្លាម”

ជាមួយគ្នានេះ ចំពោះបញ្ហាសំរាម លោក កើត ឆែ បានឲ្យខណ្ឌសហការ ជួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីសំអាត និងត្រូវដាក់កម្លាំងប្រចាំការ ដើម្បីឃាត់ពលរដ្ឋ មកពីក្រៅភូមិយកសំរាម មកចាក់ចោលនៅទីតាំងនេះ ។

លោកបានលើកឡើងថា “សូមបងប្អូនចូលរួមទុកដាក់សំរាមឲ្យបានល្អ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ សំរាមនៅតែជាបញ្ហារហូតមិនស្អាតនោះទេ ។ ដូចជាពេលនេះអញ្ចឹង គឺបងប្អូនយើង បានចូលរួមក្នុងការរក្សា សន្តិភាព មានសន្តិភាពគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់ សុំបន្តចូលរួមរក្សាសន្តិភាពនេះ អោយនៅគង់វង់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនបន្ថែមទៀត” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top