ភ្នំពេញ៖ មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ។
បងប្អូងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ បានចូលរួមក្នុងវេទិកាការងារ និងបានដាក់ពាក្យ សម្ភាសការងារភ្លាមៗតែម្តងជាមួយតំណាងក្រុមហ៊ុន និងរោចក្រទាំងបួន។
លោក នាក់ សុវណ្ណារី អភិបាលស្រុកឈូក ខេត្តកំពត បានលើកឡើងថា វេទិកាជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានបែបនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ព្រោះបានជួយប្រជាពលរដ្ឋឱ្យមានឱកាសបានដឹងពីព័ត៌មានការងារក្នុងប្រទេស ហើយមួយទៀតអាចជួយឱ្យពួកគាត់បានជួបជាមួយនឹងក្រុមហ៊ុនដោយផ្ទាល់ផងដែរ។ លោកបញ្ជាក់បន្ថែមថា វេទិកាការងារនេះរួមចំណែកកាត់បន្ថយអត្រាគ្មានការងារធ្វើនៅមូលដ្ឋាន និងជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។
លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានរៀបចំវេទិកាការងារនេះឡើង និងស្នើឱ្យមានការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យបានញឹកញាប់ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានស្រុកឈូកនេះតែម្តងឲ្យមានភាពងាយស្រួលក្នុងការទទួលបានការងារធ្វើសមរម្យនៅក្នុងប្រទេស។
លោកស្រី ហាយ រ៉ង មន្ត្រីជ្រើសរើសបុគ្គលិក ក្រុមហ៊ុនប្រត្តិបត្តិឥណទានជនបទ អេអិល លើកឡើងថាវេទិកាថនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ទាំងខាងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋដែលចង់ស្វែងរកការងារធ្វើ ពោលគឺឲ្យពួកយើងបានជួបគ្នានៅមួយកន្លែងដោយងាយស្រួលដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ សម្រាប់ អេអិល បាននាំយកឱកាសការងាររាប់រយកកន្លែង និងជាច្រើនតួនាទី មកចូលរួមក្នុងវេទិកាការងារថ្ងៃនេះផងដែរ។
លោកស្រី មឿន សុខុន ជាប្រជាពលរដ្ឋមកពីភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក លើកឡើងថា លោកស្រី ពិតជាសប្បាយចិត្តណាស់ដែលក្រសួងការងារបានរៀបចំវេទិកាការងារថ្ងៃនេះឡើង។ លោកស្រី សូមអរគុណចំពោះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈ ការជួយស្វែងរកការងារឱ្យដល់ប្រជាពលរដ្ឋធ្វើដល់មូលដ្ឋាន។
សម្រាប់វេទិកាការងារស្តីពី ឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម មានក្រុមហ៊ុន រោចក្រ សហគ្រាសធំៗ៤ នោះរួមមាន៖ រោងចក្រ តារាល អីនធើនេសីនណល ឯក , ក្រុមហ៊ុន ប្រត្តិបត្តិឥណទានជនបទអេអិល.ស៊ី.ភី.អិល ហ្វាយនែន ម.ក, ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៏ អ៊ិនសួរេន ម.ក និងក្រុមហ៊ុន អេ អាយ អេ អ៊ិនសួរេន ម.ក ដែលផ្តល់ឱកាសការងារសរុបជាង ៦ ០០០ កន្លែង។
សូមជម្រាបថា ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនៅស្រុកឈូកនេះ ក៏មានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕














