ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញ ដល់សាធារណរដ្ឋសង្គម និយមវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ លោក Nguyen Duc Hai អនុប្រធាន រដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាវៀតណាមកម្ពុជា នៅសណ្ឋាគារដែល សម្តេចស្នាក់នៅ នាទីក្រុងហាណូយ។
នៅក្នុងឱកាសនោះ លោក Nguyen Duc Hai បានអបអរសាទរ ចំពោះការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជា កាលពីខែកក្កដា កន្លងមក ក៏ដូចជាការបង្កើតនូវរដ្ឋសភា និង រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគាំទ្រ យ៉ាងច្រើន លើសលប់ពីសំណាក់ប្រជាពលរដ្ឋ ។
លោកអនុប្រធានរដ្ឋសភា បានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតំាង ជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបាន តួនាទីដ៏ឧត្តុង្គឧត្តមនេះ។
លោក Nguyen Duc Hai ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចរដ្ឋសភាធិបតី អមដោយសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អាណត្តិថ្មី មកកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីមនោ សញ្ចេតនាស្និទ្ធស្នាល ដ៏ជ្រាលជ្រៅនិង ការជឿជាក់គ្នា រវាងប្រទេសទំាងពីរ ។
លោក ចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការ ពង្រឹងពង្រីក ចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
លោក បានស្នើ សម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យរឹងមាំនិង គ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសមាជិកសភាវ័យក្មេង និងក្រុមមិត្តភាពសភាប្រទេសទំាងពីរ ឱ្យកាន់តែសកម្ម ។
ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើង របស់ លោក អនុប្រធានរដ្ឋសភា វៀតណាម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជា ទំាងអស់នាឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់បក្សនិងរដ្ឋវៀតណាម។
សម្តេចរដ្ឋសភា ធិបតី បានរំលឹកពីទំនាក់ទំនង ដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតឡើងដោយ ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធានហូជីមិញ ជាទំនាក់ទំនងក្នុង កាលៈទេសៈលំបាក ហើយបានប្រកៀកស្មាគ្នាតស៊ូ ដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងការទទួលបានឯករាជ្យ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នា ទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាព ជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវ ផល ប្រយោជន៍ សន្តិភាព និង ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួម ចំណែកដល់ការកសាង សុខសន្តិភាព ស្ថិរភាពដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នា ទៅវិញទៅមក៕