ភ្នំពេញ៖ លោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. បានបញ្ជាក់ថា ក្រុមហ៊ុន មានបំណងនាំចេញផ្លែស្លា ដែលដាំនៅកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗ ទៀត ក្នុងពិភពលោក។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-01_11-03-09.jpg)
ការបង្ហាញបំណង របស់ក្រុមហ៊ុនចិននេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃ៣០ វិច្ឆិកា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-01_11-03-14-1024x684.jpg)
ក្នុងជំនួបនោះលោក យុន ហេង លើកឡើងពីច្បាប់ស្តីពីការវិនិយោគកម្ពុជា មានភាពបើកចំហរ មានតម្លាភាព និងអាចប៉ាន់ប្រមាណជាមុន បានដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬ បរទេសនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-01_11-03-18-1024x684.jpg)
ជាមួយគ្នានោះដែរលោកស្រី Luo Lihua បានមានប្រសាសន៍ថា មុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន Hainan Taste King Investment Group Holdings Co., Ltd. គឺការដាំស្លា កែច្នៃ និងលក់។ ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេស ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ ។ លោកស្រីក៏បានបញ្ជាក់ថា «ក្រុមហ៊ុនមានបំណងនាំចេញ ផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត»។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-01_11-03-29-1024x684.jpg)
មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបញ្ជាក់ថា គម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោង ដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ លោកបានស្នើក្រុមហ៊ុន ធ្វើការជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូ វិនិយោគគម្រោងនេះ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសម្រួលសព្វបែបយ៉ាង លើគម្រោងវិនិយោគ របស់ក្រុមហ៊ុន ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)