ព័ត៌មានជាតិ

សម្ដេចធិបតី គាំទ្រការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងគ្រប់ប្រភេទ រវាងកងទ័ពកម្ពុជា-ថៃ

ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងគ្រប់ប្រភេទរវាងកងទ័ព កម្ពុជា-ថៃ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យ លោក សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះលោកសុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី បានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប លោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ លោក នាយករដ្ឋមន្ត្រីថៃ ជូនចំពោះ សម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធ និងស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេស លើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត ។
ទន្ទឹមនឹងនេះ ភាគីមិត្តថៃ បានបញ្ជាក់អំពីការបន្តគាំទ្រទិសដៅនេះ តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ភាគីមិត្តថៃ ដែលបន្តផ្តល់នូវការគាំទ្រដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមបណ្តាយោធភូមិភាគ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននានា ។

សម្តេច នាយករដ្ឋមន្ត្រី ក៏បានគាំទ្រដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងគ្រប់ប្រភេទទ័ព ព្រមទាំងបានបញ្ជាក់អំពីការគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នារវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ដែលកំពុងរស់នៅ ប្រកបការងារ និងធ្វើពាណិជ្ជកម្មផ្សេងៗ ប្រកបដោយសុខសុវត្ថិភាព៕

To Top