ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖គម្រោងខ្សែក្រវាត់និងផ្លូវ របស់ចិន រួមចំណែក ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា គម្រោងខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ជាការពិតបានចូលរួមចំណែក ជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុង ប្រទេសកម្ពុជា តាមរយៈការផ្ដល់មកនូវការវិនិយោគដោយផ្ទាល់ ពីវិស័យឯកជន ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធជាដើម។

ការលើកឡើង របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះធ្វើឡើង ក្នុងកិច្ចសម្ភាសន៍ ជាមួយយស្ថាប័នសារព័ត៌មាន CNBC កាលពីពេលកន្លងទៅថ្មីនេះ។

ក្នុងឱកាសផ្ដល់បទសម្ភាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីភាពជោគជ័យ របស់កម្ពុជាដែលទទួលបានការបណ្ដាក់ទុនវិនិយោគ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីបណ្ដាវិស័យឯកជននានា និងការចូលរួមពីដៃគូអភិវឌ្ឍន៍ជាដើម។

លោកស៊ុន ចាន់ថុល បានអះអាងថា កម្ពុជាបានទទួលការបណ្ដាក់ទុនពីវិនិយោគិនចិន មានជាអាទិ៍ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ដែលវិនិយោគក្នុងទម្រង់ “សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT) លើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។

លោកគូសបញ្ជាក់ថា «ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ក៏ជាគម្រោងដែលបើកទទួលការវិនិយោគ ដោយផ្ទាល់ នៅកម្ពុជាក្នុងទម្រង់ BOT ផងដែរ។

លោក ស៊ុន ចាន់ថុលបន្ថែមថា ក្រៅពីដៃគូចិន ជាក់ស្ដែង កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀតរួមមាន ប្រទេសជប៉ុន កូរ៉េ ថៃ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងជាដើម ដើម្បីជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលនេះជាការបើកចំហរលើការស្វែងរក ជំនួយអភិវឌ្ឍន៍ពីដៃគូនានា។

លោក ស៊ុន ចាន់ថុលសង្កត់ធ្ងន់ថា «គម្រោងខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ជាការពិតបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់មកនូវការវិនិយោគដោយផ្ទាល់ ពីវិស័យឯកជន ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធជាដើម»៕

To Top