ព័ត៌មានជាតិ

សម្តេចធិបតី​ ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប

រូបភាព៖ DAP News/ ម៉ៅ ដារ៉ាត់

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ “ពិធីបុណ្យសមុទ្រ លើកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”​ ដែលរៀបចំឡើងក្នុងខេត្តកែប។

ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១០នេះធ្វើឡើងចាប់ពីថ្ងៃទី១-៣ខែធ្នូ ឆ្នាំ២០២៣ដោយមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានា ។

សូមរំលឹកផងដែរថា ពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅកម្ពុជា ចាប់ផ្តើមធ្វើឡើង តាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ជូលជាសមាជិកពេញសិទ្ធិ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ក្នុងអង្គមហាសន្និបាត លើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។ ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំ នៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង៤របស់ខ្លួន។ ដោយឡែកឆ្នាំ២០២៣នេះ ខេត្តកែបគឺជាម្ចាស់ផ្ទះដែលត្រូវរៀបចំព្រឹត្តិការណ៍នេះឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើយោងតាម របាយការណ៍ក្រសួងទេសចរណ៍៕

To Top